អ៊ីរ៉ង់បង្ហាញផ្កាយរណបក្នុងស្រុកថ្មីចំនួន ៣
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបង្ហាញផ្កាយរណបដែលអភិវឌ្ឍន៍ក្នុងស្រុកថ្មីចំនួន ៣នៅក្នុងរដ្ឋធានីតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិរបស់ខ្លួន។
របាយការណ៍បាននិយាយថា ផ្កាយរណបដែលមានឈ្មោះថា ណាវ៉ាក់-១ (Navak-1) ប៉ាស៍-២ (Pars-2) និងប៉ាស៍-១ (Pars-1) ត្រូវបានគេដាក់បង្ហាញក្នុងពិធីមួយដែលចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងបច្ចេកវិទ្យា លោក សេយយេដ សាតតារ ហាសេមី (Seyyed Sattar Hashemi) ព្រមទាំងសមាជិកគណៈរដ្ឋមន្ត្រី មន្ត្រី និងមេបញ្ជាការយោធាជាច្រើនរូបផងដែរ។
យោងតាមទីភ្នាក់ងារ IRNA បានឱ្យដឹងថា បង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ផ្កាយរណបទំនាក់ទំនង Navak-1 ត្រូវបានរចនាឡើងដើម្បីសាកល្បងមុខងារនៃកំណែប្រសើរឡើងនៃរ៉ុក្កែតបាញ់បង្ហោះ Simorgh ក្នុងស្រុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ទីភ្នាក់ងារ IRNA បានឱ្យដឹងថា ផ្កាយរណប Pars-2 ចាប់សញ្ញាពីចម្ងាយមានទម្ងន់ ១៥០ គីឡូក្រាម ហើយត្រូវបានបំពាក់ដោយបន្ទុករូបភាពចំនួនពីរជាមួយនឹងឧបករណ៍ចាប់សញ្ញាពីទីតាំងលីនេអ៊ែរក្នុងស្រុកពីរផ្សេងគ្នា។
ទីភ្នាក់ងារ IRNA បានឱ្យដឹងថា ផ្កាយរណប Pars-1 ចាប់សញ្ញាពីចម្ងាយមានទម្ងន់ក្រោម ១៥០គីឡូក្រាម បំពាក់ដោយបន្ទុករូបភាពចំនួនបីគឺពហុទស្សន៍ អ៊ីនហ្វ្រារ៉េដរលកខ្លី និងអ៊ីនហ្វ្រារ៉េដកម្ដៅ។
ថ្លែងនៅក្នុងពិធីមួយផ្សេងទៀតក្នុងទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក អាហ្សីហ្ស ណាសឺហ្សាដេហ៍ (Aziz Nasirzadeh) បាននិយាយថា ប្រទេសនេះគ្រោងនឹងធ្វើការបាញ់បង្ហោះយានអវកាសចំនួន២នៅក្នុងសប្តាហ៍ខាងមុខនេះ មុនពេលចុងបញ្ចប់នៃឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ននៅថ្ងៃទី២០ ខែមីនា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





