យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ត្រូវបានសម្លាប់ដោយអ៊ីស្រាអែលនៅក្នុងតំបន់វេសប៊ែងក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែងចាប់តាំងពីដើមឆ្នាំនេះមក។
ក្រសួងនោះបាននិយាយបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថាជនរងគ្រោះទាំងនោះរួមមានទាំងកុមារ ១០នាក់ ស្ត្រីម្នាក់ និងមនុស្សចាស់០២នាក់ផងដែរ។
ក្រសួងបានពន្យល់ថា មនុស្សចំនួន ៣៨នាក់ត្រូវបានសម្លាប់នៅទីក្រុងជេនីន ១៥នាក់នៅទីក្រុងទូបាស់ ០៦នាក់នៅទីក្រុងណាប្ល៊ូស ០៥នាក់នៅទីក្រុងទុលការេម ០៣នាក់នៅទីក្រុងហេប្រុន ០២នាក់នៅទីក្រុងប៊ែតឡេហ៊ែម និងម្នាក់នៅទីក្រុងយេរុយសាឡឹមខាងកើត។
កាលពីថ្ងៃទី២១ ខែមករា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារលើទីក្រុងជេនីន និងជំរុំជនភៀសខ្លួនរបស់ខ្លួន ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៦នាក់។ ការវាយលុកក្រោយមកត្រូវបានពង្រីកដល់ទីក្រុងទុលការេម ដែលជាកន្លែងយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ០៣នាក់ត្រូវបានសម្លាប់។
ការកើនឡើងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែងបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសដែលបានធ្វើឡើងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៩ ខែមករាបន្ទាប់ពីរយៈពេល ១៥ខែនៃសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤៧.៥០០នាក់។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាកាលពីក្នុងខែតុលា ឆ្នាំ២០២៣ មកនោះ ជនជាតិប៉ាឡេស្ទីនជាង៩០០នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់វេសប៊ែងក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





