ប៉ាឡេស្ទីនរាយការណ៍អំពីការវាយប្រហាររបស់អ៊ីស្រាអែលជាង ២.១០០ដងនៅតំបន់វេសប៊ែងនៅក្នុងខែមករា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណៈកម្មាការប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពអ៊ីស្រាអែល និងអ្នកតាំងលំនៅខុសច្បាប់បានធ្វើការវាយប្រហារចំនួន ២.១៦១ដងនៅក្នុងតំបន់វេសប៊ែងកាលពីក្នុងខែមករា។
លោក ម៉ៅយ៉ាដ សាអាបេន (Moayad Shaaban) ដែលជាប្រធានគណៈកម្មាការអាណានិគម និងការតស៊ូ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារនោះរួមមាន ការវាយប្រហារដោយកងទ័ពចំនួន ១.៧៨៦ដង និងការវាយប្រហារដោយអ្នកតាំងលំនៅខុសច្បាប់ចំនួន ៣៧៥ដង»។
លោកបាននិយាយថា ការវាយប្រហារទាំងនោះមានរាប់ចាប់តាំងពីការវាយប្រហារដោយប្រដាប់អាវុធទៅលើភូមិប៉ាឡេស្ទីន ការដកហូតដី ការប្រហារជីវិតនៅទីវាល និងការបំផ្លាញទ្រព្យសម្បត្តិ។
លោកបាននិយាយបន្ថែមថា អ្នកតាំងលំនៅអ៊ីស្រាអែលបានព្យាយាមបង្កើតប៉ុស្តិ៍ថ្មីចំនួន១០ នៅក្នុងទីក្រុងទូបាស់ ទីក្រុងណាប្ល៊ូស ទីក្រុងកាល់គីលយ៉ា ទីក្រុងរ៉ាម៉ាឡាហ៍ និងទីក្រុងប៊ែតឡេហ៊ែមនៅក្នុងតំបន់វេសប៊ែង។
លោកបាននិយាយថា កងទ័ពអ៊ីស្រាអែលបានរុះរើរចនាសម្ព័ន្ធប៉ាឡេស្ទីនចំនួន១២៦ កាលពីខែមុន រួមទាំងផ្ទះប្រជាជនចំនួន៧៤ និងកន្លែងកសិកម្មចំនួន២៩ នៅតំបន់វេសប៊ែង។
លោក សាអាបេន បាននិយាយថា «ការកាន់កាប់របស់អ៊ីស្រាអែលកំពុងបង្កើតវិធីថ្មីដើម្បីជិះជាន់ជនជាតិប៉ាឡេស្ទីន និងធ្វើឱ្យជីវិតរបស់ពួកគេមិនអាចទ្រាំទ្របាន»។
ការកើនឡើងភាពតានតឹងនៅតំបន់វេសប៊ែងបានកើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសដែលបានធ្វើឡើងនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី១៩ ខែមករា បន្ទាប់ពីរយៈពេល ១៥ខែនៃសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧.៥០០នាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





