ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរីនឹងធ្វើទស្សនកិច្ចនៅតួកគី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ -- ប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក អាម៉េដ អាល់-សារ៉ាអា (Ahmed al-Sharaa) នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅរដ្ឋធានីអង់ការ៉ារបស់តួកគីនៅថ្ងៃអង្គារនេះ។
នាយកទំនាក់ទំនងរបស់តួកគី លោក ហ្វារេតទីន អាល់ទុន (Fahrettin Altun) បានប្រកាសកាលពីថ្ងៃចន្ទថា តាមការអញ្ជើញរបស់ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan)កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនឹងត្រូវធ្វើឡើងនៅឯវិមានប្រធានាធិបតី។
មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរីក្នុងគ្រប់ទិដ្ឋភាពទាំងអស់ និងជំហានរួមដែលត្រូវធ្វើឡើងដោយទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់សម្រាប់ការស្តារសេដ្ឋកិច្ច ស្ថិរភាពប្រកបដោយនិរន្តរភាព និងសន្តិសុខនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម។
លោកបាននិយាយបន្ថែមថា កិច្ចពិភាក្សានោះក៏នឹងផ្តោតសំខាន់ទៅលើការគាំទ្រដែលអាចផ្តល់ដល់រដ្ឋបាលថ្មីរបស់ប្រទេសស៊ីរី និងប្រជាជនស៊ីរីនៅក្នុងវេទិកាពហុភាគីផងដែរ។
លោកបានកត់សម្គាល់ថា «យើងជឿជាក់ថា ទំនាក់ទំនងតួកគី-ស៊ីរីដែលត្រូវបានស្តារឡើងវិញបន្ទាប់ពីការរំដោះស៊ីរីនឹងត្រូវបានពង្រឹង និងឡើងដល់កម្រិតខ្ពស់មួយជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក អាម៉េដ អាល់-សារ៉ាអា និងគណៈប្រតិភូរបស់លោក»។
លោក បាសា អាសាដ (Bashar Assad) ដែលជាមេដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត ២៥ឆ្នាំមកនោះ បានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីបន្ទាប់ពីក្រុមប្រឆាំងរដ្ឋាភិបាលបានកាន់កាប់ទីក្រុងដាម៉ាស់កាលពីថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០២៤ ដោយបញ្ចប់របបរបស់គណបក្សបាអាដដែលកាន់អំណាចតាំងពីឆ្នាំ១៩៦៣ មក។
រដ្ឋបាលប្រតិបត្តិការយោធារបស់ប្រទេសស៊ីរីបានប្រកាសកាលពីថ្ងៃពុធអំពីការតែងតាំងលោក អាម៉េដ អាល់-សារ៉ាអា (Ahmed al-Sharaa)ជាប្រធានាធិបតីអន្តរកាល ការលុបចោលរដ្ឋធម្មនុញ្ញឆ្នាំ២០១២ និងការរំលាយសភា កងទ័ព និងភ្នាក់ងារសន្តិសុខរបស់អតីតរបបនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





