ផ្លូវហាយវ៉េដែលសាងសង់ដោយប្រទេសចិនបានសម្ពោធនៅប្រទេសស៊ែប៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ផ្លូវហាយវេឡាចកូវ៉ាក់-វ៉ាល់ជេវ៉ូ(Lajkovac-Valjevo) ក្នុងប្រទេសស៊ែប៊ី ដែលសាងសង់ដោយក្រុមហ៊ុនShandong Hi-Speed Group របស់ប្រទេសចិន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយបានកត់សម្គាល់ពីការបញ្ចប់យ៉ាងពេញលេញនៃផ្លូវដ៏សំខាន់នេះ។ ផ្លូវនេះបានបើកឲ្យធ្វើចរាចរណ៍កាលពីថ្ងៃអាទិត្យ។
នាយករដ្ឋមន្ត្រីស៊ែប៊ី លោក មីឡូស វូសេវីក (Milos Vucevic)រដ្ឋមន្ត្រីក្រសួងវិនិយោគសាធារណៈ លោក ដារកូ ហ្គ្លីស៊ីក (Darko Glisic)និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ី លោក លី មីង (Li Ming) បានចូលរួមក្នុងពិធី និងថ្លែងសុន្ទរកថា។
លោក វូសេវីក បានពិពណ៌នាផ្លូវហាយវេថា ជា«ផ្លូវនៃក្តីសង្ឃឹមការសន្យា និងដំណោះស្រាយ» ដោយលោកបានសង្កត់ធ្ងន់ថាការសាងសង់រួចរាល់បានបញ្ចប់ភាពឯកោរវាងទីក្រុងវ៉ាល់ចេវ៉ូ (Valjevo) និងស្រុកកូលូបារ៉ា (Kolubara) ទាំងមូល។
លោក ហ្គ្លីស៊ីក បានគូសបញ្ជាក់ពីតួនាទីរបស់គម្រោងក្នុងការអភិវឌ្ឍក្នុងតំបន់ ដោយលោកបាននិយាយថា ផ្លូវនេះនឹងទាក់ទាញការវិនិយោគ និងបង្កើនប្រាក់ចំណូលក្នុងស្រុក។
លោក លី មីង បានកោតសរសើរដល់ក្រុមហ៊ុនចិនដែលបានយកឈ្នះលើបញ្ហាប្រឈមនានា ដើម្បីបញ្ចប់គម្រោងតាមកាលវិភាគប្រកបដោយគុណភាពខ្ពស់។
លោកបានបង្ហាញទំនុកចិត្តថា ការបើកផ្លូវនេះនឹងជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគនៅតាមបណ្តោយផ្លូវរបស់ខ្លួន។ លោកក៏បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងការកសាងផ្លូវបែបនេះបន្ថែមទៀត។
ផ្លូវនេះមានប្រវែង ១៨,៣គីឡូម៉ែត្រជាមួយនឹងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយតភ្ជាប់ទីក្រុងវ៉ាល់ចេវ៉ូ និងទីក្រុងឡាចកូវ៉ាក់ ភាគកណ្តាលនៃប្រទេសស៊ែប៊ី។ ផ្លូវនេះត្រូវបានគេរំពឹងថានឹងបន្ធូរបន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងបណ្តាញដឹកជញ្ជូនរបស់ប្រទេសស៊ែប៊ីបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





