អង្គការសុខភាពពិភពលោកបរិច្ចាគវ៉ាក់សាំងសាកល្បង Ebola ជាង ២.០០០ដូសដល់ប្រទេសអ៊ូហ្គង់ដា បន្ទាប់ពីការផ្ទុះឡើងជាថ្មី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- អង្គការសុខភាពពិភពលោក(WHO) បានបរិច្ចាគវ៉ាក់សាំងសាកល្បងជំងឺអេបូឡា (Ebola) ចំនួន២.១៦០ដូសដល់ប្រទេសអ៊ូហ្គង់ដា ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ដែលការផ្ទុះឡើងនាពេលថ្មីៗនេះបានសម្លាប់បុគ្គលិកសុខាភិបាលនៅទីក្រុងកាមប៉ាឡា រដ្ឋធានីរបស់ប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើគេហទំព័ររបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា អង្គការ WHO កំពុងធ្វើការជាមួយក្រសួងសុខាភិបាលនៃប្រទេសអ៊ូហ្គង់ដា វិទ្យាស្ថានសួតសាកលវិទ្យាល័យ Makerere និងវិទ្យាស្ថានស្រាវជ្រាវមេរោគអ៊ូហ្គង់ដា ក៏ដូចជាអ្នកជំនាញការសាកល្បង និងនិយតករទូទាំងពិភពលោក ដើម្បីផ្តួចផ្តើមការសាកល្បងនេះ។
ក្រសួងសុខាភិបាលនៃប្រទេសអ៊ូហ្គង់ដាបានប្រកាសពីការផ្ទុះឡើងនៃមេរោគ Ebola បន្ទាប់ពីគិលានុបដ្ឋាយិកាបុរសអាយុ ៣២ឆ្នាំម្នាក់ដែលធ្វើការនៅមន្ទីរពេទ្យបង្អែកជាតិ Mulago ក្នុងទីក្រុងកាមប៉ាឡា បានចុះចាញ់នឹងជំងឺSudan Ebola Virus (SVD) ដែលជាការផ្ទុះឡើងលើកទី៨ នៃជំងឺដ៏សាហាវនេះនៅក្នុងប្រទេសអាហ្វ្រិកខាងកើត។
ការផ្ទុះឡើងនៃជំងឺ SVD ពីមុនរបស់ប្រទេសអ៊ូហ្គង់ដា បានចាប់ផ្តើមនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ហើយបានបញ្ចប់នៅខែមករា ឆ្នាំ២០២៣ដោយមានករណីចំនួន ១៦៤ករណី និងមនុស្សស្លាប់ចំនួន ៧៧នាក់នៅក្នុងប្រទេស។
ក្នុងអំឡុងពេលនៃការផ្ទុះឡើងនោះ គណៈកម្មាធិការអ្នកជំនាញខាងក្រៅរបស់អង្គការសុខភាពពិភពលោកបានវាយតម្លៃវ៉ាក់សាំងបេក្ខជននិងបានផ្តល់អនុសាសន៍ស្តីពីភាពសមស្របរបស់ពួកគេសម្រាប់ការវាយតម្លៃនៅក្នុងប្រទេសអ៊ូហ្គង់ដា ដែលជាផ្នែកមួយនៃការសាកល្បងព្យាបាលប្រឆាំងនឹងមេរោគ SVD ។
អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា«ដំណើរការសាកល្បងវ៉ាក់សាំងដែលកំពុងដំណើរការរួមមានការតំរង់ទិសនៃក្រុមស្រាវជ្រាវលើនីតិវិធីសាកល្បង និងការរៀបចំផ្នែកដឹកជញ្ជូន។ ក្រុមស្រាវជ្រាវត្រូវបានដាក់ពង្រាយទៅកាន់តំបន់ដើម្បីធ្វើការរួមគ្នាជាមួយក្រុមឃ្លាំមើលនៅពេលដែលការអនុម័តកំពុងរង់ចាំ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





