ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោងតាមប្រភពពីប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន ៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ២លើកផ្សេងគ្នារបស់អ៊ីស្រាអែលទៅលើទីក្រុងចេនីន ភាគខាងជើងតំបន់វេសប៊ែង។
ប្រភព និងសាក្សីក្នុងតំបន់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានកំណត់គោលដៅលើរថយន្តមួយនៅកណ្តាលទីក្រុងកាបាទីយ៉ា ភាគខាងត្បូងទីក្រុងចេនីន ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា យុវជនប៉ាឡេស្ទីន ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរថយន្ត។
ជាការឆ្លើយតប យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះគ្មានមនុស្សបើកមួយរបស់កងកម្លាំងអាកាសរបស់ខ្លួន ដឹកនាំដោយសេវាសន្តិសុខShin Bet បានកំណត់គោលដៅលើយានជំនិះដែលដឹក «ក្រុមភេរវករ» នៅទីក្រុងកាបាទីយ៉ា ជាផ្នែកនៃប្រតិបត្តិការមួយនៅភាគខាងជើងតំបន់វេសប៊ែង។
សង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបាននិយាយថា ក្រុមរបស់ខ្លួនបានដឹកជញ្ជូនសាកសពជនរងគ្រោះ ២នាក់ និងរបួសម្នាក់ពីសង្កាត់ចេនីន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការទម្លាក់គ្រាប់បែកនៅក្នុងតំបន់នោះ។
ប្រភពសន្តិសុខប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងពេលដំណាលគ្នាក៏បានកំណត់គោលដៅលើម៉ូតូមួយគ្រឿងផងដែរ ដែលបណ្តាលឲ្យយុវជន ២នាក់ផ្សេងទៀតបានស្លាប់។ យោធាអ៊ីស្រាអែលមិនបានចេញសេចក្តីអត្ថាធិប្បាយភ្លាមៗអំពីការទម្លាក់គ្រាប់បែកនេះទេ ដែលជាការវាយប្រហារលើកទី៣ លើទីក្រុងក្នុងរយៈពេលប៉ុន្មានម៉ោង។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា តំបន់វេសប៊ែងបានឃើញភាពតានតឹងកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនស្លាប់ប៉ាឡេស្ទីនជាង៨០០នាក់ដោយសារតែការបាញ់ប្រហារ និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





