នាយករដ្ឋមន្ត្រីអូស្ត្រាលីចង់ឃើញទំនាក់ទំនងកាន់តែរឹងមាំជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអានថូនី អាល់បាណេស (Anthony Albanese) បានសម្តែងនូវបំណងចង់ឃើញទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសអូស្ត្រាលី និងចិន។
ថ្លែងនៅក្នុងព្រឹត្តិការណ៍អបអរបុណ្យចូលឆ្នាំចិននៅទីក្រុងមែលប៊នលោក អាល់បាណេស បាននិយាយថា នេះគឺជាផលប្រយោជន៍របស់ប្រទេសអូស្ត្រាលី និងចិន ដែលជា «មិត្តដ៏អស្ចារ្យ» ហើយលោកបានបន្ដថារដ្ឋាភិបាលអូស្ត្រាលីប្តេជ្ញារក្សាស្ថិរភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ ខណៈដែលប្រទេសអូស្ត្រាលីនាំចេញផលិតផលដូចជាសាច់គោ បង្កង និងស្រាទៅកាន់ប្រទេសចិន។
នៅក្នុងព្រឹត្តិការណ៍នោះ មេដឹកនាំបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលីលោក ផេទឺ ឌូតតុន (Peter Dutton) បាននិយាយថា ពិធីបុណ្យចូលឆ្នាំចិនគឺជាឱកាសដ៏អស្ចារ្យមួយដើម្បីអបអរសាទរទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងប្រទេសចិន។ លោកបានបន្ដថា «អនាគតដែលជាធាតុសំខាន់បំផុតនៃទំនាក់ទំនងនេះ គឺភ្លឺជាងអ្វីដែលធ្លាប់មានពីមុនមក»។
ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដោយសមាគមធុរកិច្ចអាស៊ីWhitehorse ដែលជាអង្គការមិនរកប្រាក់ចំណេញដើម្បីលើកកម្ពស់ និងសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសអូស្ត្រាលី និងចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





