លោក ហ្សេលេនស្គី បញ្ជាក់ពីការត្រៀមខ្លួនដើម្បីចាប់ផ្តើមកិច្ចចរចាដោះស្រាយជម្លោះ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី(Vladimir Zelensky) បាននិយាយម្តងទៀតថា លោករំពឹងថានឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីដំណោះស្រាយសន្តិភាពនៃជម្លោះអ៊ុយក្រែន ដោយមានការចូលរួមពីទីក្រុងម៉ូស្គូ ប្រ៊ុចសែល វ៉ាស៊ីនតោន និងគៀវ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន APថា «[បន្ទាប់ពីកិច្ចសន្ទនាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)] យើងគួរតែបន្តទៅកាន់ទម្រង់នៃកិច្ចសន្ទនាមួយចំនួនជាមួយជនជាតិរុស្ស៊ី។ ហើយខ្ញុំចង់ឃើញសហរដ្ឋអាមេរិកអ៊ុយក្រែន និងរុស្ស៊ីនៅតុចរចា។ ... ហើយនិយាយឱ្យត្រង់ទៅ សំឡេងសហភាពអឺរ៉ុបក៏គួរមាននៅទីនោះដែរ។ ខ្ញុំគិតថា វានឹងមានភាពយុត្តិធម៌ និងមានប្រសិទ្ធភាព។ ប៉ុន្តែតើវានឹងប្រែទៅជាយ៉ាងណា? ខ្ញុំមិនដឹងទេ»។
លោក ហ្សេលេនស្គី បាននិយាយបន្ថែមថា ការប្រាស្រ័យទាក់ទងត្រូវបានរក្សាជាមួយនឹងរដ្ឋបាលរបស់លោក ត្រាំ ប៉ុន្តែការពិគ្រោះយោបល់មានលក្ខណៈទូទៅរហូតមកដល់ពេលនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅពេលមុននេះថា លោក ហ្សេលេនស្គី មិនមែនជាមេដឹកនាំស្របច្បាប់ទេ ហើយមិនអាចលុបចោលសិទ្ធិវេតូផ្ទាល់ខ្លួនរបស់លោកក្នុងកិច្ចពិភាក្សាជាមួយទីក្រុងម៉ូស្គូទេ ប៉ុន្តែមានវិធីដើម្បីធ្វើដូច្នេះបាន ប្រសិនបើមានការចង់បាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





