ក្រុមអ្នកជំនាញ៖ ដីសើមអាចជាគន្លឹះក្នុងការដោះស្រាយគ្រោះរាំងស្ងួត និងកង្វះទឹក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- នៅក្នុងបទសម្ភាសន៍សម្រាប់សារព័ត៌មាន BTA ដែលឧទ្ទិសដល់ទិវាដីសើមពិភពលោក ថ្ងៃទី០២ ខែកុម្ភៈអ្នកមច្ឆវិទូ លោក ស្តូយ៉េន មីហូវ (Stoyan Mihov) ប្រធានអ្នកជំនាញនៅអង្គការ WWF ប៊ុលហ្គារី និងលោក ភេតារ យេនកូវ (Petar Yankov) មន្ត្រីអភិរក្សនៅសង្គមប៊ុលហ្គារីសម្រាប់កិច្ចការពារសត្វស្លាប បាននិយាយអំពីសារៈសំខាន់នៃដីសើមនៅក្នុងប្រទេសប៊ុលហ្គារី។ ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ីដែលសម្បូរទៅដោយជីវៈចម្រុះ ងាយស្រួលបំផ្លាញ និងពិបាកក្នុងការស្តារឡើងវិញ។ ការអភិរក្សរបស់ពួកគេអាចជាគន្លឹះក្នុងការដោះស្រាយបញ្ហាគ្រោះរាំងស្ងួត និងកង្វះទឹក។
លោក មីហូវ បាននិយាយថា ដីសើម គឺដូចជាអេប៉ុងដែលស្រូបយកទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងហើយបន្ទាប់មកបញ្ចេញទឹកបន្តិចម្តងៗដែលអាចផ្តល់អត្ថប្រយោជន៍ដល់ទាំងមនុស្ស និងសត្វ។ អ្នកជំនាញរូបនោះបាននិយាយបន្ថែមថា ដីសើមដូចជាទ្រនាប់ក្នុងពេលដែលមានទឹកជំនន់។លោក មីហូវ បាននិយាយថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សារៈសំខាន់នៃដីសើមសម្រាប់វិស័យសេដ្ឋកិច្ចក៏ត្រូវបានគូសបញ្ជាក់ផងដែរ។ ដោយសារការប្រែប្រួលអាកាសធាតុ តំបន់ដីសើមបានផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី ដែលទីជម្រកផ្សេងៗទៀតមិនអាចផ្តល់ជូនបាន។
លោក យេនកូវ បាននិយាយថា មានហេតុផលដ៏ល្អសម្រាប់ការប្រកាសទិវាដីសើមពិភពលោក ហើយនោះគឺជាការរិចរិល និងការបាត់បង់ទឹកដែលកំពុងបន្តនៅលើភពផែនដីរបស់យើង ដោយមានគោលដៅធ្វើឱ្យមនុស្សកាន់តែយល់ដឹងអំពីបញ្ហា រៀនពីវិធីទប់ស្កាត់ ដើម្បីចាត់វិធានការ។
ដីសើម គឺជាជម្រកនៃប្រភេទរុក្ខជាតិ និងសត្វជាច្រើនទោះជាយ៉ាងណាក៏ដោយ ពួកគេត្រូវបានគំរាមកំហែងនៅទូទាំងពិភពលោកដោយការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្សជាពិសេសនៅក្នុងវិស័យសំណង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





