ម៉ាឡេស៊ីប្រើបញ្ញាសិប្បនិមិត្មដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្រសួងទំនាក់ទំនងម៉ាឡេស៊ីបានបើកដំណើរឱ្យការកម្មវិធី Sebenarnya.my Chatbot ដែលត្រូវបានគេស្គាល់ថាជា AIFA ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនិងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលភាពត្រឹមត្រូវនៃព័ត៌មានដែលមិនបានបញ្ជាក់តាមប្រព័ន្ធអនឡាញ។
នៅក្នុងសុន្ទរកថារបស់លោកនៅឯពិធីសម្ពោធដាក់ឱ្យដំណើរការនោះរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោក ហ្វាមី ហ្វាដហ្ស៊ីល (Fahmi Fadzil) បាននិយាយថា កម្មវិធី AIFA ក៏នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមុខងាររបស់វិបផតថល Sebenarnya.my ដោយមានគោលបំណងសំខាន់ចំនួនបី គឺដើម្បីជួយសាធារណៈជនក្នុងការផ្ទៀងផ្ទាត់ និងទទួលបានព័ត៌មានត្រឹមត្រូវយ៉ាងឆាប់រហ័ស និងងាយស្រួល ដើម្បីពន្លឿនការឆ្លើយតបទៅនឹងព័ត៌មានមិនពិតតាមប្រព័ន្ធអនឡាញ និងដើម្បីពង្រឹងតួនាទីរបស់ Sebenarnya.my ក្នុងការដោះស្រាយការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសម៉ាឡេស៊ី។
ជំនួយការពិនិត្យមើលការពិតនៃបញ្ញាសិប្បនិម្មិត (AIFA) ដែលដឹកនាំដោយគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) គឺជាវេទិកាដែលមានភាពងាយស្រួលប្រើប្រាស់ ដែលអាចចូលប្រើបានក្នុងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍។ វាអាចប្រើបានបួនភាសា គឺភាសាម៉ាឡេ ភាសាអង់គ្លេស ភាសាចិនកុកងឺ និងភាសាតាមិល ដើម្បីធានាបាននូវការចូលប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ចម្រុះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





