ប្រទេសថៃដាក់បម្រាមចំពោះការដុតនានាដើម្បីទប់ស្កាត់ការបំពុលបរិយាកាស
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- រដ្ឋាភិបាលថៃបានប្រកាសហាមប្រាមការដុតនានានៅទូទាំងប្រទេសដើម្បីដោះស្រាយការបំពុលបរិយាកាសដែលកាន់តែអាក្រក់ទៅៗ ដោយនឹងមានការផាកពិន័យចំពោះអ្នកបំពាន។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងស៊ូប (Jirayu Houngsub) បាននិយាយថា វិធានការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្យាករស្តីពីចរាចរខ្យល់នៅទ្រឹងរហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យការបំពុលបរិយាកាស PM2.5 កាន់តែអាក្រក់ទៅៗ។
ដើម្បីដោះស្រាយបញ្ហានេះ គណៈកម្មាធិការជាតិបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយនៃប្រទេសថៃ បានបង្កើនវិធានការត្រួតពិនិត្យការបំពុលនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ខណៈដែលបានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យអនុវត្តការហាមប្រាមនេះឱ្យបានតឹងរ៉ឹង និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។
គណៈកម្មាធិការនេះក៏បានណែនាំដល់ក្រសួងសុខភាពសាធារណៈឱ្យដាក់ពង្រាយក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដើម្បីជួយដល់ក្រុមដែលងាយរងគ្រោះ ដែលរួមមានទារក ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលមានជំងឺផ្លូវដង្ហើម ឬជំងឺបេះដូងផងដែរ។
យោងតាមគណៈកម្មាធិការនេះបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករាកម្រិតការបំពុលបរិយាកាស PM2.5 ខ្ពស់បំផុតនៅក្នុងប្រទេសនេះត្រូវបានកត់ត្រានៅក្នុងខេត្តឈៀងរ៉ៃ ខេត្តឡាំភូន ខេត្តភីតសានូលោក ខេត្តសុខោទ័យ ខេត្តណុនថាបុរី ខេត្តសារ៉ាបូរី ខេត្តផេតចាបូរី ខេត្តណាខនផាថម ខេត្តសាមុតសាខន និងខេត្តប្រាចួបគីរីខាន់។
ជាការឆ្លើយតប ក្រសួងសុខភាពសាធារណៈបានចែកចាយម៉ាស់មុខN95 ចំនួន ១,១លានម៉ាស់ដល់សាធារណជន ខណៈដែលរដ្ឋបាលក្រុងបាងកក (BMA) បានផ្តល់ម៉ាស់មុខចំនួន ៣៧៧.០០០ម៉ាស់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





