មីយ៉ាន់ម៉ាបន្តដាក់រដ្ឋក្នុងគ្រាអាសន្នជាលើកទី៧
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- យោធាមីយ៉ាន់ម៉ាបានបន្តដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។
នេះជាការបន្តលើកទីប្រាំពីរដោយរបបយោធាចាប់តាំងពីបានឡើងកាន់អំណាចកាលពីក្នុងឆ្នាំ២០២១។
វិទ្យុ និងទូរទស្សន៍របស់មីយ៉ាន់ម៉ាបានផ្សាយថា ក្រុមប្រឹក្សាការពារ និងសន្តិសុខជាតិ (NDSC) កាលពីថ្ងៃទី៣១ ខែមករា បានសម្រេចចិត្តចំពោះការបន្តនេះ ដោយ NDSC បាននិយាយថា នេះគឺជាការចាំបាច់ដើម្បីធានាសន្តិភាព និងស្ថិរភាពសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប្រទេសមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២១ មុននឹងបន្តវាចំនួនប្រាំមួយដង ដោយការបន្តនីមួយៗមានរយៈពេលប្រាំមួយខែរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





