ប្រទេសថៃ៖ គណបក្សភឿថៃដែលកាន់អំណាចឈ្នះការបោះឆ្នោតថ្នាក់ខេត្តភាគ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- គណបក្សភឿថៃដឹកនាំក្រុមចម្រុះដែលកំពុងកាន់អំណាចនៅក្នុងប្រទេសថៃ បានឈ្នះអាសនៈប្រធាននៅក្នុងអង្គការរដ្ឋបាលខេត្តចំនួន១៨ (PAO) នៅក្នុងការបោះឆ្នោតថ្នាក់ខេត្តដែលបានធ្វើឡើងនៅក្នុងខេត្តចំនួន៤៧ ក្នុងចំណោមខេត្តចំនួន៧៧របស់ប្រទេសថៃកាលពីថ្ងៃទី០២ ខែកុម្ភៈ។
ក្រៅពី ១៨អាសនៈសម្រាប់គណបក្សភឿថៃ និង ១២អាសនៈសម្រាប់គណបក្សភូមិចៃថៃ លទ្ធផលក្រៅផ្លូវការបានបង្ហាញថា បេក្ខភាពឯករាជ្យបានឈ្នះកៅអីប្រធាន PAO ចំនួន ៦អាសនៈ គណបក្សប្រជាធិបតេយ្យចំនួន៤អាសនៈ គណបក្សឆាតថៃប្រាថាណាចំនួន ២អាសនៈ គណបក្សប្រចាឆាតចំនួន ២អាសនៈ គណបក្សបល្ល័ងប្រាចារ៉ាត់ចំនួន ១អាសនៈ និងគណបក្សបង្រួបបង្រួមជាតិថៃចំនួន ១អាសនៈ។
គណបក្សប្រជាជនបានឈ្នះអាសនៈប្រធាន PAO តែមួយអាសនៈយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងខេត្តឡាំភុននៅភាគខាងជើង។
ក្រុមអ្នកសង្កេតការណ៍នយោបាយបាននិយាយថា បក្សនយោបាយដ៏មានឥទ្ធិពលដែលគាំទ្រដោយគណបក្សនយោបាយដទៃទៀត បានដណ្តើមចំណែកយ៉ាងច្រើននៃអាសនៈប្រធាន PAO ។
មុនពេលបោះឆ្នោត អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានទៅទស្សនកិច្ចតំបន់មួយចំនួន រួមទាំងខេត្តឈៀងមៃដែលជាខេត្តកំណើតរបស់លោកផងដែរ ដើម្បីឃោសនាបោះឆ្នោតជ្រើសរើសបេក្ខភាពមកពីគណបក្សភឿថៃ ដែលដឹកនាំដោយកូនស្រីរបស់ោក គឺនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





