ឥណ្ឌូណេស៊ីគ្រោងនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរកម្លាំង ៤,៣ជីហ្គាវ៉ាត់
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ -- បេសកជនពិសេសរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីសម្រាប់កិច្ចការអាកាសធាតុ និងថាមពល លោកហាស៊ីម ឌីចូចូហាឌីគូស៊ូម៉ូ (Hashim Djojohadikusumo) បាននិយាយនៅក្នុងវេទិកាថាមពលកាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌូណេស៊ីមានបំណងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរសម្រាប់ថាមពលស្អាតជាងមុន។
លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងបង្កើតមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរមួយចំនួនដែលមានសមត្ថភាពផលិតថាមពលសរុប ៤,៣ជីហ្គាវ៉ាត់ ដែលរួមមានទាំងរ៉េអាក់ទ័រម៉ូឌុលតូចៗបណ្តែត(SMRs) ផងដែរ។
យោងតាមលោក ហាស៊ីម បានឱ្យដឹងថា បញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គឺជាហេតុផលមួយសម្រាប់តម្រូវការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។
ទីប្រឹក្សារូបនោះក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងមិនបិទរោងចក្រថាមពលធ្យូងថ្មទាំងអស់នៅត្រឹមឆ្នាំ២០៤០ នោះទេ ប៉ុន្តែនឹងបញ្ឈប់ការសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មី។
ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសនាំចេញធ្យូងថ្មកម្ដៅដ៏ធំបំផុតនៅលើពិភពលោក ហើយការផលិតអគ្គិសនីពីធ្យូងថ្ម គឺជាប្រភពនៃការបំភាយឧស្ម័នដ៏សំខាន់មួយរបស់ប្រទេសនេះ។ សមត្ថភាពថាមពលដែលបានដំឡើងនាពេលបច្ចុប្បន្នរបស់ប្រទេសឥណ្ឌូណេស៊ី គឺមានលើសពី ៩០ជីហ្គាវ៉ាត់ ដោយជាងពាក់កណ្តាលបានមកពីធ្យូងថ្ម និងតិចជាង ១៥% បានមកពីថាមពលកកើតឡើងវិញ។
ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសអំពីផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរជាង ២០រោងចក្រនៅត្រឹមឆ្នាំ២០៥០។ រដ្ឋមន្ត្រីក្រសួងសម្របសម្រួល លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) បាននិយាយថា PLN កំពុងសហការជាមួយក្រុមហ៊ុនមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដើម្បីសាងសង់រោងចក្រទាំងនេះ។សាធារណរដ្ឋកូរ៉េ រុស្សី បារាំង និងចិន ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការគាំទ្រការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសឥណ្ឌូណេស៊ីផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





