កាហ្សាក់ស្ថាននឹងបញ្ចប់ផែនការសាងសង់រោងចក្រនុយក្លេអ៊ែរចំនួន ៣ទីតាំង ក្នុងត្រីមាសទី២
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីថាមពលកាហ្សាក់ស្ថានលោក អាល់ម៉ាស់សាដាម សាតកាលីយេវ (Almassadam Satkaliyev)បាននិយាយក្នុងសន្និសីទសង្ខេបមួយថាប្រទេសកាហ្សាក់ស្ថានកំពុងកំណត់ទីតាំងទី៣ សម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ហើយផែនការដ៏ធំសម្រាប់ការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរចំនួន៣ទីតាំងនឹងរួចរាល់នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ២០២៥ ។
លោកបាននិយាយថា «ឯកសារនេះនឹងត្រូវបានព្រាងនាពេលខាងមុខសម្រាប់ការអភិវឌ្ឍនៃចង្កោមនុយក្លេអ៊ែរ។ ដោយសារស្ថានភាពនៃការត្រៀមខ្លួនកម្រិតខ្ពស់ និងការណែនាំរបស់ប្រធានាធិបតីដើម្បីពន្លឿនការងារលើឯកសារនេះ ខ្ញុំគិតថាយើងនឹងដាក់ឯកសារនេះនៅក្នុងត្រីមាសទីពីរ»។
លោកបានមានប្រសាសន៍ថា ក្រសួងបានចាប់ផ្តើមស្វែងរកទីតាំងសម្រាប់រោងចក្រទីបីរួចហើយ ហើយបច្ចេកវិទ្យាទំនើបបានអនុញ្ញាតឱ្យសាងសង់រោងចក្រនុយក្លេអ៊ែរដែលគ្មានធុងទឹកធំដោយប្រើប្រព័ន្ធត្រជាក់ស្ងួត។
គណៈកម្មាការរដ្ឋបានកំណត់ទីតាំងចំនួន ២ដែលសមរម្យសម្រាប់រោងចក្រនេះគឺ ភូមិយូលកេន ក្នុងតំបន់អា់ម៉ាទី និងទីប្រជុំជនគូរចាតូវ ក្នុងតំបន់អាបាយ។ នៅខែតុលា ឆ្នាំ 2024 ពលរដ្ឋកាហ្សាក់ស្ថានបានបោះឆ្នោតគាំទ្រការកសាងរោងចក្រថាមពលនុយក្លេអ៊ែរនៅក្នុងប្រជាមតិជាតិ។
ប្រទេសកាហ្សាក់ស្ថានឥឡូវនេះកំពុងពិចារណាលើបច្ចេកវិទ្យារ៉េអាក់ទ័រដែលមានសមត្ថភាពខ្ពស់មកពីប្រទេសចំនួន ៤គឺ ប្រទេសបារាំង ចិនរុស្ស៊ី និងកូរ៉េខាងត្បូង។ ក្រសួងថាមពលកាហ្សាក់ស្ថានប៉ាន់ប្រមាណការចំណាយជាមធ្យមនៃអង្គភាពរ៉េអាក់ទ័រតែមួយគឺប្រហែល ៥ប៊ីលានដុល្លារអាម៉េរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





