ទុយនីស៊ីមានគោលបំណងទាក់ទាញភ្ញៀវទេសចរជាង ១១លាននាក់នៅឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក សូហ្វាន់ តេកាយ៉ា (Sofiane Tekaya) បាននិយាយថា ប្រទេសទុយនីស៊ីមានបំណងទាក់ទាញភ្ញៀវទេសចរជាង ១១ លាននាក់នៅឆ្នាំ២០២៥ខណៈដែលប្រទេសនេះខិតខំពង្រីកការផ្តល់សេវាកម្មទេសចរណ៍របស់ខ្លួន។
លោក តេកាយ៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Tunis Afrique Presse ថា ប្រទេសអាហ្រ្វិកខាងជើងកំពុងចាប់ផ្តើមផែនការឯកជនសាធារណៈដើម្បីលើកកម្ពស់ទេសចរណ៍ឆ្នេរសមុទ្រ សុខភាព វប្បធម៌ និងបរិស្ថានពេញមួយឆ្នាំ។ ផែនការនេះរួមមានការជំរុញការតភ្ជាប់ផ្លូវអាកាសជាមួយទីផ្សារអឺរ៉ុបធំៗ ដែលជាប្រភពសំខាន់នៃអ្នកទស្សនាតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីដំណើរការដ៏រឹងមាំនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសទុយនេស៊ីកាលពីឆ្នាំមុន ជាមួយនឹងការមកដល់របស់ជនបរទេសមានចំនួនដល់ទៅ ១០,២៥លាននាក់។
វិស័យទេសចរណ៍ គឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសទុយនីស៊ី ដែលរួមចំណែកប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងាររាប់សែនកន្លែង។ ប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរជាប្រវត្តិសាស្ត្រទៅកាន់ឆ្នេរមេឌីទែរ៉ានេ ប្រាសាទបុរាណ និងកន្លែងទាក់ទាញវាលខ្សាច់សាហារ៉ា ទោះបីជាអស្ថិរភាពនយោបាយ និងកង្វល់សន្តិសុខបានជះឥទ្ធិពលលើវិស័យនេះក៏ដោយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





