ប្រធានាធិបតីស៊ូដង់ខាងត្បូងបញ្ជាឱ្យស៊ើបអង្កេតករណីធ្លាក់យន្តហោះដែលសម្លាប់មនុស្ស ២០នាក់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក សាលវ៉ា គៀ (Salva Kiir) បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើហេតុការណ៍ការធ្លាក់យន្តហោះដែលបានសម្លាប់មនុស្ស ២០នាក់ រួមទាំងជនបរទេសផងដែរនៅក្នុងរដ្ឋយូនីធី។
យន្តហោះធុនតូចដែលធ្វើដំណើរឆ្ពោះទៅទីក្រុងជូបា បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងក្បែរស្ថានីយ៍ប្រេង។ យន្តហោះនេះត្រូវបានជួលដោយក្រុមហ៊ុន Greater Pioneer Operating Company និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Light Air Services ។ ក្នុងចំណោមអ្នកស្លាប់មានជនជាតិស៊ូដង់ខាងត្បូង ជនជាតិចិន ២នាក់ និងឥណ្ឌាម្នាក់។
លោក គៀ បាននិយាយនៅក្នុងទូរទស្សន៍ថា «បន្ទាប់ពីឧប្បត្តិហេតុសោកនាដកម្មនេះ ខ្ញុំបានបញ្ជាឱ្យក្រសួងដឹកជញ្ជូន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងឆាប់រហ័ស ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់យន្តហោះ និងផ្តល់ចម្លើយដល់ក្រុមគ្រួសារដែលមានទុក្ខ»។
ប្រធានាធិបតីបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារដែលបានបាត់បង់ជីវិត និងការអាណិតអាសូរចំពោះអ្នកដែលរងគ្រោះដោយសោកនាដកម្មនេះ។ លោកបាននិយាយថា «សូមឱ្យយើងរួមគ្នាជាប្រជាជាតិមួយដើម្បីជួយដល់គ្រួសារដែលមានទុក្ខព្រួយ និងគោរពដល់ការចងចាំរបស់អ្នកដែលយើងបានបាត់បង់នៅក្នុងសោកនាដកម្មនេះ»។
លោក ហ្គាតវេច ប៊ីប៉ាល់ (Gatwech Bipal) រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍របស់រដ្ឋយូនីធី បាននិយាយថា មនុស្ស ២១នាក់ស្ថិតនៅលើយន្តហោះ។ អ្នកនៅរស់រានមានជីវិតមានតែម្នាក់ប៉ុណ្ណោះ ដែលមិនទាន់កំណត់សញ្ជាតិនៅឡើយទេដោយសារស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





