អាជ្ញាធរលីប៊ីដោះលែងជនចំណាកស្រុកចំនួន ២៦៣នាក់ដែលឧក្រិដ្ឋជនឃុំខ្លួន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- ការិយាល័យអគ្គមេធាវីរបស់ប្រទេសលីប៊ី បានប្រកាសដោះលែងជនចំណាកស្រុកចំនួន២៦៣នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមឧក្រិដ្ឋជននៅភាគខាងកើតនៃទីក្រុងចាលូ។
ការិយាល័យនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «មន្រ្តីនៃនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មបានស៊ើបអង្កេតក្នុងករណីចាប់ដាក់គុកលើជនចំណាកស្រុកខុសច្បាប់ចំនួន ២៦៣នាក់ ដើម្បីបង្ខំឱ្យគ្រួសាររបស់ពួកគេបង់ប្រាក់ដើម្បីលោះសម្រាប់សេរីភាពរបស់ពួកគេ»។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនចំណាកស្រុកដែលមានសញ្ជាតិសូម៉ាលី និងអេរីទ្រា ត្រូវបានក្រុមឧក្រិដ្ឋជនធ្វើទារុណកម្មយ៉ាងឃោរឃៅអំឡុងពេលពួកគេជាប់ពន្ធនាគារ ហើយប្រាក់លោះរបស់ពួកគេមានចំនួន ១៧.០០០ដុល្លារអាម៉េរិក និង១០.០០០ដុល្លាររៀងៗ ខ្លួន។
ក្រុមនេះបានជាប់ពាក់ព័ន្ធក្នុងការជួញដូរមនុស្ស និងប្រតិបត្តិការចំណាកស្រុកខុសច្បាប់ពីប្រទេសលីប៊ី ក៏ដូចជាការធ្វើទារុណកម្ម ការព្យាបាលអមនុស្សធម៌ និងការចាប់ដាក់គុកជនចំណាកស្រុក។
ដោយសារតែអសន្តិសុខ និងភាពចលាចលនៅក្នុងប្រទេស ចាប់តាំងពីការដួលរលំនៃមេដឹកនាំចុងក្រោយ លោក ម៉ាមម៉ារ ហ្គាដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ ជនចំណាកស្រុកជាច្រើនដែលភាគច្រើនជាជនជាតិអាហ្វ្រិកបានជ្រើសរើសការឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅកាន់សហភាពអឺរ៉ុបពីប្រទេសលីប៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





