ប្រធានាធិបតីអេហ្ស៊ីបបញ្ជាក់ជាថ្មីថានឹងច្រានចោលការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) បាននិយាយថាការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន គឺជាទង្វើនៃ «ភាពអយុត្តិធម៌»ដែលប្រទេសអេហ្ស៊ីបនឹងមិនចូលរួម។
លោក ស៊ីស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីកេនយ៉ា លោក វីល្លាម រូតូ (William Ruto) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងគែរថា «ខ្ញុំនិយាយនេះដោយភាពច្បាស់លាស់ទាំងស្រុងចំពោះការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន គឺជារឿងអយុត្តិធម៌ដែលយើងមិនអាចចូលរួមបាន»។
ប្រធានាធិបតីអេហ្ស៊ីបបានបន្ថែមថា «ការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនមិនត្រូវអត់ឱន ឬអនុញ្ញាតឡើយ ដោយសារតែវាប៉ះពាល់ដល់សន្តិសុខជាតិប្រទេសអេហ្ស៊ីប និងតំបន់អារ៉ាប់»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថ្មីៗនេះបានស្នើឱ្យមានការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសហ្ស៊កដានី និងអេហ្ស៊ីប ជាផែនការមួយដែលបានប្រឈមមុខនឹងការបដិសេធក្នុងតំបន់ និងអន្តរជាតិ។
លោក ស៊ីស៊ី បានសង្កត់ធ្ងន់ថា ជំហរជាប្រវត្តិសាស្ត្ររបស់ប្រទេសអេហ្ស៊ីបលើបុព្វហេតុប៉ាឡេស្ទីនមិនអាចកាត់ផ្តាច់បានឡើយ ដោយលោកបានបញ្ជាក់ថា ប្រទេសអេហ្ស៊ីបប្តេជ្ញាធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវសន្តិភាពដែលចង់បានដោយផ្អែកលើដំណោះស្រាយរដ្ឋពីរ។
លោកបានពន្យល់ថា ជម្លោះក្រុមហាម៉ាស់-អ៊ីស្រាអែល ថ្មីៗនេះ ដែលមានរយៈពេលជាង ១៥ខែ គឺជាផលវិបាកនៃការបរាជ័យជាច្រើនឆ្នាំក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន។ លោកបានបន្ថែមថា «ដូច្នេះមូលហេតុដើមនៃបញ្ហាមិនត្រូវបានគេដោះស្រាយទេ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





