ក្រសួងការពារជាតិតួកគីប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសតួកគីនឹងបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអង្គការភេរវករដែលគំរាមកំហែងដល់បូរណភាពទឹកដី និងស្ថិរភាពក្នុងតំបន់របស់ប្រទេសស៊ីរី។
លោក ហ្សេគី អាកទុក (Zeki Akturk) អ្នកនាំពាក្យក្រសួងការពារជាតិតួកគីបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការប្រឆាំងក្រុមភេរវករ ដូចជាក្រុមPKK/PYD/YPG/SDG និងក្រុម Daesh (ISIS) ជាដើម ដោយលោកបាននិយាយថា «គ្មានការបង្កើតភេរវករ ឬការសម្រេចដោយឯកតោភាគីណាមួយនឹងត្រូវបានអនុញ្ញាតនៅក្នុងតំបន់ទេ»។
លោក អាកទុក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងអង់ការ៉ាថា «យើងនឹងបន្តចាត់វិធានការបង្ការ និងសម្រេចចិត្តប្រឆាំងនឹងក្រុមភេរវករទាំងអស់»។
លោកបាននិយាយថា ពួកគេនឹងរក្សាកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយរដ្ឋបាលថ្មីនៅក្នុងប្រទេសស៊ីរី ដើម្បីបង្កើនសមត្ថភាពការពារនិងសន្តិសុខរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម និងជួយសម្រួលដល់ការវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីរី។
លោកបាននិយាយបន្ថែមថា គណៈប្រតិភូមកពីក្រសួងបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរីកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាបច្ចេកទេស។
លោកបាននិយាយថា «ប្រទេសតួកគីនឹងបន្តនៅក្បែរប្រជាជនស៊ីរីជានិច្ច ដូចដែលយើងបានធ្វើរហូតមកដល់ពេលនេះ»។
អ្នកនាំពាក្យនោះបានកត់សម្គាល់ថា «ដំណើរទស្សនកិច្ចកាលពីថ្ងៃពុធពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាការបង្ហាញអំពីគណៈប្រតិភូដំបូងនិងការទំនាក់ទំនងលើកដំបូងពីទីស្នាក់ការក្រសួងរបស់យើងទៅកាន់ប្រទេសស៊ីរី។ នៅក្នុងជំនួបនោះ មានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកអំពីអ្វីដែលអាចធ្វើបានក្នុងវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករដែលបង្កការគំរាមកំហែងទាំងប្រទេសស៊ីរី និងតួកគី ហើយកិច្ចពិភាក្សារបស់យើងនឹងនៅតែបន្តស្របតាមតម្រូវការដែលកើតឡើងក្នុងរយៈពេលខាងមុខ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





