ចំណាប់ខ្មាំងជនជាតិអាម៉េរិកនឹងត្រូវដោះលែងពីតំបន់ហ្គាហ្សានៅថ្ងៃសុក្រនេះ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំណាប់ខ្មាំងជនជាតិអាម៉េរិកនឹងបានត្រូវដោះលែងពីតំបន់ហ្គាហ្សានៅថ្ងៃសុក្រនេះ។
លោក ស្ទេវ វីតកូហ្វ (Steve Witkoff) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រគល់អ្នកជាប់ឃុំឃាំងអ៊ីស្រាអែលដែលមានសញ្ជាតិអាម៉េរិកថា«យើងស្ថិកំពុងយកចិត្តទុកដាក់ចំពោះការងារនេះ ហើយចំណាប់ខ្មាំងអាម៉េរិកម្នាក់នឹងត្រូវបានដោះលែងនៅថ្ងៃស្អែក»។
ក្រុមហាម៉ាស់ប៉ាឡេស្ទីនបានដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ និងកម្មករថៃ ៥នាក់កាលពីថ្ងៃព្រហស្បតិ៍ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ និងផ្លាស់ប្តូរអ្នកទោសជាមួយអ៊ីស្រាអែល។
បេសកជនអាម៉េរិកបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សានឹងមានរហូតដល់ចប់។
លោក វីតកូហ្វ បានទៅដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃពុធ ជាកន្លែងដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងបានទៅទស្សនកិច្ចតំបន់ហ្គាហ្សាស្រ្ទីប។
កាលពីថ្ងៃព្រហស្បតិ៍ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល និងជាមេដឹកនាំគណបក្សសាសនាស្តាំនិយម លោក បេហ្សាលែល ស្មូតរីច (Bezalel Smotrich)។
ដំណាក់កាលដំបូងដែលមានរយៈពេល ៦សប្តាហ៍នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ដោយផ្អាកសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៧.៤០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និងជាង១១១.០០០នាក់បានរងរបួសចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។
រហូតមកដល់ពេលនេះ ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល ១០នាក់ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ២៩០នាក់ ចាប់តាំងពីកិច្ចព្រមព្រៀងនេះចូលជាធរមាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





