ទីក្រុងបាងកកបញ្ជាក់ពីការដោះលែងចំណាប់ខ្មាំងជនជាតិថៃ ៥នាក់នៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- ដោយបញ្ជាក់ពីការដោះលែងចំណាប់ខ្មាំងជនជាតិថៃចំនួន ៥នាក់នៅតំបន់ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍ទីក្រុងបាងកកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះអ្នកសម្រុះសម្រួលទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការធានាដល់ពលរដ្ឋរបស់ខ្លួនដែលត្រូវបានឃុំខ្លួនតាំងពីខែតុលា ឆ្នាំ២០២៣ នៅក្នុងតំបន់ដែលឡោមព័ទ្ធ។
ក្រសួងការបរទេសថៃបាននិយាយថា ខ្លួនបានទទួលការបញ្ជាក់ពីស្ថានទូតថៃប្រចាំនៅទីក្រុងតែលអាវីវថា ចំណាប់ខ្មាំងជនជាតិថៃចំនួន៥នាក់ត្រូវបានដោះលែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាថា «ឥឡូវនេះពួកគេកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជាកន្លែងដែលមន្រ្តីពីស្ថានទូត និងក្រសួងការបរទេសនឹងធ្វើដំណើរដើម្បីជួយសម្រួល និងទាក់ទងក្រុមគ្រួសាររបស់ពួកគេភ្លាមៗនៅក្នុងប្រទេសថៃ»។
អង្គការស៊ើបការណ៍សម្ងាត់ជាតិតួកគី (MIT) កាលពីថ្ងៃព្រហស្បតិ៍បានធានាការដោះលែងចំណាប់ខ្មាំងជនជាតិថៃចំនួន ៥នាក់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស់ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។
យោងតាមប្រភពសន្តិសុខបានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។
ក្រសួងការបរទេសថៃបានសម្តែងនូវការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃចំណាប់ខ្មាំងដែលត្រូវបានដោះលែង ក៏ដូចជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកាតា អេហ្ស៊ីប អ៊ីរ៉ង់ តួកគីសហរដ្ឋអាមេរិក និងប្រទេសជាមិត្តដទៃទៀត ព្រមទាំងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងភាគីទាំងអស់ដែលពាក់ព័ន្ធនឹងតួនាទីដែលបានរួមចំណែកដល់ការដោះលែងចំណាប់ខ្មាំងជនជាតិថៃនៅតំបន់ហ្គាហ្សាស្ទ្រីប និងអរគុណដល់អ៊ីស្រាអែលសម្រាប់ការមើលថែពួកគេ និងសម្រួលដល់ការវិលត្រឡប់របស់ពួកគេទៅកាន់ប្រទេសថៃវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





