មនុស្ស ១៥នាក់ស្លាប់នៅឥណ្ឌាដោយសារការរត់ជាន់គ្នានៅឯពិធីបុណ្យ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- ហេតុការណ៍រត់ជាន់គ្នាកាលពីព្រឹកព្រលឹមនៅឯពិធីជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោកមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់នៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃពុធ និងជាច្រើននាក់ទៀតរងរបួសបន្ទាប់ពីហ្វូងមនុស្សជាច្រើនបានប្រជ្រៀតគ្នាចេញពីខ្សែពួរការពាររបស់ប៉ូលិស ហើយបានជាន់អ្នកទស្សនចូលរួមកម្មវិធី។
ឧប្បត្តិហេតុហ្វូងមនុស្សស្លាប់នេះ គឺតែងតែកើតមានជាញឹកញាប់នៅក្នុងពិធីបុណ្យសាសនាឥណ្ឌា រួមទាំងពិធីបុណ្យគុម្ពមេឡា (Kumbh Mela) ដែលទាក់ទាញអ្នកគោរពសាសនារាប់លាននាក់រៀងរាល់ ១២ឆ្នាំទៅកាន់ទីក្រុងប្រាយ៉ារ៉ាចនៅភាគខាងជើង។
ខណៈដែលអ្នកធ្វើធម្មយាត្រាប្រញាប់ប្រញាល់ចូលរួមនៅក្នុងថ្ងៃដ៏ពិសិដ្ឋនៃការងូតទឹកនោះ មនុស្សដែលដេក និងអង្គុយនៅលើដីក្បែរទន្លេបានប្រាប់សារព័ត៌មាន AFP ថា ពួកគេត្រូវបានជាន់ដោយហ្វូងអ្នកកាន់សាសនាដ៏ធំដែលចូលទៅកន្លែងពួកគេក្នុងស្ថានភាពងងឹត។
លោក ភីលហ្រ្គីម រេនូ ដេវី (Pilgrim Renu Devi) អាយុ ៤៨ឆ្នាំបានប្រាប់សារព័ត៌មាន AFP ថា «ខ្ញុំបានអង្គុយនៅជិតរនាំងមួយ ហើយក្នុងអំឡុងពេលនៃការរុញ និងប្រជ្រៀតគ្នានោះ ហ្វូងមនុស្សបានធ្លាក់មកលើខ្ញុំ ហើយជាន់ខ្ញុំនៅពេលពួកគេប្រឹងរុលទៅមុខ»។
លោកបាននិយាយថា «នៅពេលដែលហ្វូងមនុស្សកើនឡើងមនុស្សចាស់ និងស្ត្រីត្រូវបានគេជាន់ ហើយគ្មាននរណាម្នាក់អាចទៅជួយបានទេ»។
វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យបានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌអនាមិកថា «មនុស្ស ១៥នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស»។
អាជ្ញាធរមិនទាន់បញ្ជាក់ជាផ្លូវការអំពីចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នាដែលបានកើតឡើងនៅម៉ោងប្រហែល ១:០០ព្រឹក (ម៉ោងក្នុងតំបន់)នោះទេ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)បាននិយាយថា ឧបទ្ទវហេតុនេះ គឺសោកសៅជាខ្លាំង ហើយលោកក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតទៅកាន់សាច់ញាតិរបស់អ្នកដែលបានបាត់បង់ជីវិតផងដែរ។
លោកបាននិយាយបន្ថែមថា «ខ្ញុំសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





