សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងបន្តការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ -- មន្ត្រីសេតវិមានបាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងបន្តការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ប្រាយអ៊ែន ហ៊ុកហ្គេស (Brian Hughes) បានធ្វើការកត់សម្គាល់ភ្លាមៗបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានទៅទស្សនកិច្ចនៅមូលដ្ឋានផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរក្នុងសកម្មភាពជាក់ស្តែងមួយ ដើម្បីបង្ហាញពីសមត្ថភាពយោធារបស់ខ្លួន។
លោក ហ៊ុកហ្គេស បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយពីទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា «លោកប្រធានាធិបតី ត្រាំ នឹងបន្តការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដូចដែលលោកបានធ្វើនៅក្នុងអាណត្តិដំបូងរបស់លោក»។
មន្ត្រីរូបនោះបាននិយាយបន្ថែមថា «លោកប្រធានាធិបតី ត្រាំ មានទំនាក់ទំនងល្អជាមួយលោក គីម ជុនអ៊ុន ហើយដោយសារការលាយឡំគ្នានៃភាពតឹងតែង និងកិច្ចការងារការទូតរបស់លោក បាននាំឱ្យមានការប្តេជ្ញាចិត្តកម្រិតមេដឹកនាំដំបូងគេក្នុងការបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ»។
លោក ហ៊ុកហ្គេស ហាក់ដូចជាចង់សំដៅទៅលើកិច្ចព្រមព្រៀងរវាងលោក ត្រាំ និងលោក គីម ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅប្រទេសសិង្ហបុរីកាលពីក្នុងឆ្នាំ២០១៨។ យោងទៅលើកិច្ចព្រមព្រៀងនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ និងបង្កើតទំនាក់ទំនងទ្វេភាគីថ្មី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





