កេនយ៉ា ប៊ូរុនឌី និងតង់ហ្សានី ត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំង
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ និងកម្មវិធី (ICPAC) នៃអាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍ (IGAD) ដែលជាប្លុកប្រចាំតំបន់បាននិយាយថា ប្រទេសកេនយ៉ា ប៊ូរុនឌី និងតង់ហ្សានី នឹងទទួលបានទឹកភ្លៀងច្រើនជាងធម្មតាក្នុងសប្តាហ៍ខាងមុខនេះដែលនាំឱ្យមានទឹកជំនន់។
មជ្ឈមណ្ឌល ICPAC បាននិយាយនៅក្នុងការព្យាករណ៍ចុងក្រោយរបស់ខ្លួនថា ប្រទេសទាំងបីអាចទទួលបានទឹកភ្លៀងរហូតដល់ ២០០មីលីម៉ែត្រក្នុងមួយថ្ងៃ។ មជ្ឈមណ្ឌលបាននិយាយថា «ភ្លៀងធ្លាក់ខ្លាំងទំនងជានាំឱ្យមានឧប្បត្តិហេតុទឹកជំនន់។ សហគមន៍នៅតំបន់ដែលមានហានិភ័យខ្ពស់ត្រូវបានណែនាំឱ្យអនុវត្តការប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ»។
អាជ្ញាធរ IGAD បានកត់សម្គាល់ថា តំបន់ Greater Horn នៃទ្វីបអាហ្រ្វិកនឹងជួបប្រទះនឹង សីតុណ្ហភាពខ្ពស់រហូតដល់ ៣២អង្សាសេក្នុងអំឡុងពេលនេះ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេត្រូវបានគេរំពឹងថា រួមមានប្រទេសស៊ូដង់ខាងត្បូង អ៊ូហ្គង់ដា តង់ហ្សានី កេនយ៉ា សូម៉ាលី ជីប៊ូទី អេរីទ្រា អេត្យូពី និងស៊ូដង់។ នេះបើយោងតាមមជ្ឈមណ្ឌល ICPAC ។
ថ្មីៗនេះ មជ្ឈមណ្ឌល ICPAC បានព្យាករណ៍ថា នៅចន្លោះខែមីនា និងខែឧសភា បណ្តាប្រទេសមហាអំណាចនៃទ្វីបអាហ្រ្វិកនឹងជួបប្រទះនូវភ្លៀងធ្លាក់ទាបជាងធម្មតា ដោយសារតំបន់នេះទទួលរងនូវការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ និងអាជ្ញាធរ IGAD បានឱ្យដឹងថា មនុស្សរហូតដល់ ៦៧លាននាក់នៅក្នុងតំបន់ គឺមានអសន្តិសុខស្បៀងដោយសារតែជម្លោះ និងការប្រែប្រួលអាកាសធាតុ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





