មនុស្ស ២៥នាក់បានស្លាប់ និង១៦០នាក់រងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលលីបង់បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលរយៈពេលបីថ្ងៃនៅភាគខាងត្បូង ប្រទេសលីបង់បានកើនឡើងដល់ ២៥នាក់ និង១៦០នាក់ផ្សេងទៀតបានរងរបួស។
មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ផ្នែកសុខភាពសាធារណៈរបស់ក្រសួងបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល។ អ្នករងរបួសមានចំនួន ៥ភូមិនៅភាគខាងកើតនៃភាគខាងត្បូងប្រទេសលីបង់ រួមមាន ភូមិអាដៃសេហ៍ ភូមិបានី ហាយយ៉ាន់ ភូមិប៊ួច អាល់មូលុក ភូមិហ៊ូឡា និងភូមិកាហ្វរ គីឡា។
ចាប់តាំងពីដើមថ្ងៃអាទិត្យមក អ្នកស្រុកលីបង់រាប់រយនាក់បានប្រមូលផ្តុំគ្នានៅជាយក្រុងនៃភូមិព្រំដែនដែលធ្វើដំណើរឆ្ពោះទៅផ្ទះរបស់ពួកគេដោយរថយន្ត និងដោយថ្មើរជើង ហើយឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់កងទ័ពលីបង់ និងរបាំងដីដែលដាក់ដោយអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារទៅលើជនស៊ីវិលដែលវិលត្រឡប់មកវិញ ដោយធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងនៅតាមព្រំដែន។
ការវិវឌ្ឍទាំងនេះបានកើតឡើង ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ដែលកំពុងបន្តរវាងក្រុមហេបូឡាហ៍ និងយោធាអ៊ីស្រាអែល បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





