ជម្លោះព្រំដែនកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន ជិតឈានដល់ដំណោះស្រាយហើយ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារូវ (Sadyr Japarov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ Kabar ថា ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងតាជីគីស្ថាន ជិតឈានដល់ដំណោះស្រាយហើយ ដោយនីតិវិធីទ្វេភាគីកំពុងដំណើរការ។
ជំហានចុងក្រោយចំពោះដំណើរការ គឺជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយប្រធានាធិបតីនៃប្រទេសទាំងពីរ បន្ទាប់ពីការបញ្ចប់នៃដំណាក់កាលសំខាន់ៗ រួមទាំងការអនុម័តដោយសភារបស់ពួកគេ។ បន្ទាប់ពីបញ្ចប់ការងារលើឯកសារទាំងអស់ ប្រទេសទាំងពីរនឹងចូលរួមក្នុងដំណើរការបោះបង្គោលព្រំដែនដែលរំពឹងថានឹងចំណាយពេលពីមួយទៅពីរឆ្នាំទៀត មុនពេលបញ្ហានេះត្រូវបានដោះស្រាយពេញលេញ។
កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងការផ្លាស់ទីលំនៅផ្ទះនៅតាមភូមិព្រំដែន ដែលជួនកាលទ្រព្យសម្បត្តិត្រូវបានគេដាក់នៅទូទាំងព្រំដែននៃប្រទេសទាំងពីរតាមលំនាំ «ក្តារអុក»។ ក្នុងករណីទាំងនេះ អ្នកស្រុកដែលមានផ្ទះនៅទល់មុខព្រំដែននឹងត្រូវតាំងទីលំនៅថ្មី។
ភាគីតាជីគីស្ថាននឹងផ្លាស់ទីលំនៅពលរដ្ឋរបស់ខ្លួន ចំណែកពលរដ្ឋកៀហ្ស៊ីស៊ីស្ថានក៏នឹងត្រូវផ្លាស់ទីលំនៅផងដែរ។ ភាគីទាំងពីរនឹងពិចារណាយ៉ាងហ្មត់ចត់នូវទំហំដីឡូត៍ ដើម្បីធានាបាននូវសំណងសមរម្យ។
ជម្លោះព្រំដែនកៀហ្ស៊ីស៊ីស្ថាន-តាជីគីស្ថាន កើតចេញពីបញ្ហាទឹកដីដែលមិនអាចដោះស្រាយបានតាំងពីសម័យសូវៀត។ ជាមួយនឹងប្រវែងសរុបប្រហែល ៩៧០គីឡូម៉ែត្រ ព្រំដែនមិនត្រូវបានកំណត់ ឬបានកំណត់ព្រំដែនតែពេញលេញនោះទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





