លោក លូកាសេនកូ៖ ចិន និងបេឡារុស្ស មានទស្សនវិស័យដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) បានប្រាប់សារព័ត៌មានស៊ីនហួថា ប្រទេសចិន និងបេឡារុស្ស មានទស្សនវិស័យដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា វប្បធម៌ រថយន្ត និងបច្ចេកវិទ្យាជីវសាស្រ្ត។
មេដឹកនាំបេឡារុស្សបាននិយាយថា មិនដូចប្រទេសលោកខាងលិចទេ ប្រទេសចិនបានបើក «ទ្វារ និងបង្អួច» របស់ខ្លួនទៅកាន់ប្រទេសបេឡារុស្សសម្រាប់កិច្ចសហប្រតិបត្តិការ។
លោក លូកាសេនកូ បាននិយាយថា ប្រទេសបេឡារុស្សអាចរក្សាបាននូវកម្រិតខ្ពស់ចំពោះការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួននាពេលបច្ចុប្បន្ននេះ ដោយសារប្រទេសចិន។ លោក ប្រធានាធិបតីបានអញ្ជើញក្រុមហ៊ុនចិនឱ្យសហការជាមួយប្រទេសបេឡារុស្ស។
លោក លូកាសេនកូ បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសបេឡារុស្ស និងចិន មានអនាគតភ្លឺស្វាង ហើយប្រទេសទាំងពីរនឹងដើរទៅមុខប្រកបដោយទំនុកចិត្ត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





