រុស្ស៊ីនឹងបន្តកិច្ចសន្ទនាជាមួយរដ្ឋាភិបាលថ្មីរបស់ស៊ីរី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- វិមានក្រឹមឡាំងចាត់ទុកទំនាក់ទំនងចុងក្រោយបង្អស់រវាងគណៈប្រតិភូរុស្ស៊ី និងរដ្ឋបាលថ្មីរបស់ស៊ីរី ថាមានសារៈសំខាន់ ហើយកិច្ចសន្ទនានេះនឹងបន្តទៅមុខ។ នេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានប្រាប់អ្នកសារព័ត៌មាន។
លោក ប៉េសកូវ បាននិយាយដោយអត្ថាធិប្បាយនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារទៅកាន់ទីក្រុងដាម៉ាស់របស់ក្រុមមន្ត្រីរុស្ស៊ីថា «នោះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ហើយទំនាក់ទំនងក៏សំខាន់ដែរ ព្រោះវាជាការចាំបាច់ដើម្បីបង្កើត និងរក្សាកិច្ចសន្ទនាថេរជាមួយប្រទេសស៊ីរី»។
កាលពីថ្ងៃអង្គារ គណៈប្រតិភូអន្តរក្រសួងរុស្ស៊ីបានជួបពិភាក្សាគ្នានៅក្រុងដាម៉ាស់ជាមួយប្រមុខរដ្ឋបាលថ្មីរបស់ស៊ីរី។ លោក មីឃែល បូកដាណូវ (Mikhail Bogdanov) បេសកជនពិសេសប្រធានាធិបតីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលដឹកនាំគណៈប្រតិភូនោះបានពណ៌នាចំពោះកិច្ចប្រជុំដែលមានរយៈពេលជិតបីម៉ោងនោះថាជាកិច្ចប្រជុំមួយប្រកបដោយការស្ថាបនា។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូនៅតែបន្តគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរី។ យោងតាមរូបលោក បានឱ្យដឹងថា គណៈប្រតិភូរុស្ស៊ីបាននិយាយនៅឯកិច្ចចរចារនោះថា បញ្ហាប្រឈមនឹងសាធារណរដ្ឋអារ៉ាប់ ចាំបាច់ត្រូវដោះស្រាយតាមរយៈកិច្ចសន្ទនារួមមួយដែលពាក់ព័ន្ធនឹងកម្លាំងនយោបាយទាំងអស់ ក៏ដូចជាក្រុមជនជាតិភាគតិច និងសាសនាទាំងអស់។
លោក បូកដាណូវ បានបង្ហាញឱ្យដឹងថា ក្នុងចំណោមរឿងផ្សេងៗទៀត ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានៃការរក្សាមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ លោកបាននិយាយបន្ថែមថា ពួកគេបានព្រមព្រៀងបន្តកិច្ចពិគ្រោះយោបល់ទៅលើបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ វត្តមានយោធារុស្ស៊ីនៅស៊ីរីនៅតែមិនប្រែប្រួល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





