មនុស្ស ២នាក់ស្លាប់ និង ២នាក់រងរបួសដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើតំបន់ប៊ែលហ្គោរ៉ូដ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- អភិបាលខេត្ត វីយ៉ាឆេសស្លេវ ហ្ក្លាដកូវ (Vyacheslav Gladkov) បានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីវាយប្រហារផ្ទះជនស៊ីវិលមួយខ្នងនៅក្នុងភូមិមួយនៅតំបន់ប៊ែលហ្គោរ៉ូដ ដោយបានសម្លាប់ម្តាយ និងកូនអាយុពីរឆ្នាំ ព្រមទាំងមនុស្សពីរនាក់ទៀតរងរបួស។
លោកបានសរសេរនៅក្នុងបណ្តាញតេឡេក្រាមរបស់លោកថា «ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារផ្ទះជនស៊ីវិលនៅក្នុងភូមិរ៉ាហ្សាំណូយ៉េ ក្នុងសង្កាត់ប៊ែលហ្គោរ៉ូដ ដែលជាលទ្ធផលមានរឿងដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើង គឺម្តាយ និងកូនអាយុ ២ឆ្នាំរបស់នាងបានស្លាប់។ <…> ឪពុក និងកូនរបស់គេក៏ត្រូវបានរងរបួសដែរ»។
យោងតាមប្រធានភូមិភាគបានឱ្យដឹងថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ជាលទ្ធផលនៃការវាយប្រហារ ផ្ទះនេះត្រូវបានខូចខាតមួយផ្នែក។
លោក ហ្ក្លាដកូវ បាននិយាយបន្ថែមថា «សេវាសង្គ្រោះបន្ទាន់ទាំងអស់កំពុងដំណើរការ។ អ្នកប្រយុទ្ធការពារទឹកដីកំពុងយាមផ្ទះ។ ព័ត៌មានអំពីផលវិបាកកំពុងត្រូវបានបំភ្លឺ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





