ឥណ្ឌូណេស៊ី និងឥណ្ឌា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែមករា ដែលគ្របដណ្តប់លើវិស័យសន្តិសុខដែនសមុទ្រ ការថែទាំសុខភាព ឱសថបុរាណ វប្បធម៌ និងកិច្ចសហប្រតិបត្តិការឌីជីថល។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើជាសាក្សីដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) នៅមុនការប្រារព្ធទិវាសាធារណរដ្ឋឥណ្ឌានៅថ្ងៃទី២៦ ខែមករា។
នៅមុនថ្ងៃដដែល លោក ស៊ូប៊ីអាន់តូ និងលោក ម៉ូឌី បានជួបពិភាក្សាទ្វេភាគីនៅទីក្រុងញូវដេលី ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ពួកគេបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមជាមួយនឹងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងឥណ្ឌូណេស៊ី និងឥណ្ឌា។
បន្ទាប់ពីកិច្ចពិភាក្សា លោក ម៉ូឌី បាននិយាយថា មេដឹកនាំទាំងពីរបានសម្រេចចិត្តធ្វើការរួមគ្នាក្នុងវិស័យផលិតកម្មការពារជាតិ និងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហានានា ដូចជាសន្តិសុខដែនសមុទ្រ សន្តិសុខសាយប័រ ការប្រឆាំងភេរវកម្ម ការលុបបំបាត់រ៉ាឌីកាល់សេរី និងធ្វើសមយុទ្ធរួមគ្នាទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ។
លោកបានកត់សម្គាល់ថា ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ីបានព្រមព្រៀងសហការគ្នាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ បញ្ញាសិប្បនិមិត្ត (AI) ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ថាមពល រ៉ែសំខាន់ៗ និងការអប់រំ STEM។
សម្រាប់ភាគីឥណ្ឌូណេស៊ី លោក ស៊ូប៊ីអាន់តូ បានបង្ហាញពីផែនការបញ្ជូនគណៈប្រតិភូការពារជាតិកម្រិតខ្ពស់ទៅកាន់ប្រទេសឥណ្ឌា ដើម្បីតាមដានការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងភាគីទាំងពីរ។
លោកបានអំពាវនាវដល់អ្នកវិនិយោគ និងក្រុមហ៊ុនឥណ្ឌាឱ្យទៅវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឥណ្ឌូណេស៊ី។ លោកបានជំរុញឱ្យមានកិច្ចសហការផ្នែកអប់រំឱ្យបានកាន់តែខ្លាំងដើម្បីបង្កើនចំនួននិស្សិតឥណ្ឌូណេស៊ីនៅក្នុងប្រទេសឥណ្ឌា និងបានអញ្ជើញស្ថាប័នអប់រំឥណ្ឌាឱ្យបង្កើតសាខានៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





