ក្រុមប្រឹក្សាសហរដ្ឋអាមេរិក-អាស៊ាន បង្ហាញអំពីឱកាសរីកចម្រើនរបស់ឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងសហគមន៍នៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី (LPEM UI) បានបង្ហាញរបាយការណ៍ទិដ្ឋភាពទូទៅនៅក្នុងវិស័យរបស់ខ្លួនកាលពីថ្ងៃទី២១ ខែមករា។
ពេលវេលានៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំទាំងក្នុងប្រទេសឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកជាការបង្ហាញពីឱកាសមួយដើម្បីបង្កើនទស្សនវិស័យធុរកិច្ច និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ និងតំបន់អាស៊ានកាន់តែទូលំទូលាយ។
របាយការណ៍ដែលមានចំណងជើងថា «ការរុករកឱកាស៖ គោលនយោបាយសេដ្ឋកិច្ចថាមវន្តក្នុងប្រទេសឥណ្ឌូណេស៊ី» បានផ្តល់នូវអនុសាសន៍សម្រាប់រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដើម្បីផ្តោតសំខាន់ទៅលើកំណើនសេដ្ឋកិច្ចនៅទូទាំងវិស័យសំខាន់ៗមួយចំនួន។ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសឥណ្ឌូណេស៊ីបានជួបប្រទះនឹងកំណើន ៤០០% នៅចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០២១ ដោយនៅក្នុងនោះ ក្រុមប្រឹក្សា USABC បានព្យាករណ៍ថាវាអាចកើនឡើងបន្ថែមទៀត។
សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រែក្លាយសក្តានុពលរបស់ខ្លួនទៅជាវិបុលភាព ក្រុមប្រឹក្សា USABC បានផ្តល់អនុសាសន៍ឱ្យរដ្ឋបាលរបស់លោក ប្រាបូវ៉ូ ឱ្យធ្វើការវិនិយោគទៅលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការគ្រប់គ្រងទិន្នន័យ ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យបង្កើតមជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងគំរូបញ្ញាសិប្បនិម្មិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ដើម្បីក្លាយជាមហាអំណាចឌីជីថលអាស៊ាន រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ ចាំបាច់ត្រូវធានាថា ប្រទេសឥណ្ឌូណេស៊ីមិនខកខានឱកាសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ដើម្បីពន្លឿនការផ្លាស់ប្តូរវិស័យទេសចរណ៍របស់ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការវិនិយោគសំខាន់ៗនៅក្នុងវិស័យទាំងនេះក្នុងរយៈពេល ៥ឆ្នាំក្រោយនៃការគ្រប់គ្រងរបស់លោក។
យោងតាមក្រុមប្រឹក្សា USABC បានឱ្យដឹងថា សក្តានុពលរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការក្លាយជាមហាអំណាចពាណិជ្ជកម្មបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដោយសារតែគោលនយោបាយគាំពារនិយម និងបទប្បញ្ញត្តិហួសហេតុ។
ប្រសិនបើឥណ្ឌូណេស៊ីមានបំណងក្លាយជាប្រទេសមេត្រីពាណិជ្ជកម្មដូចប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់អាស៊ាន រដ្ឋបាលរបស់លោក ប្រាបូវ៉ូ គួរតែមានបំណងសម្រាប់គោលនយោបាយពាណិជ្ជកម្មរយៈពេលវែងដែលមានភាពស៊ីសង្វាក់គ្នាបន្ថែមទៀត ដែលអាចទទួលបានសម្រាប់អ្នកវិនិយោគផ្ទាល់ពីបរទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





