លីប៊ីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយស៊ែប៊ី
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលីប៊ីលោក ម៉ូហាមេដ អាល់វេច (Mohamed Al-Hwej) បាននិយាយថាប្រទេសលីប៊ីមានគោលបំណងធ្វើឱ្យសកម្មឡើងវិញ និងធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងទ្វេភាគីចំនួន ២៥ជាមួយប្រទេសស៊ែប៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋលេខាធិការក្រសួងការបរទេសស៊ែប៊ី លោក នីកូឡា ស្តូចាណូវីក (Nikola Stojanovic)បន្ទាប់ពីវេទិកាសេដ្ឋកិច្ចលីប៊ី-ស៊ែប៊ី នៅទីក្រុងទ្រីប៉ូលី លោក អាល់វេច បានពណ៌នាអំពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងទសវត្សរ៍កន្លងមកប៉ុន្តែភាគច្រើនបានស្ងៀមស្ងាត់ទៅវិញ ដោយសារត្រូវការនៃ «ការអភិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចសកល»។
លោក អាល់វេច បាននិយាយថា «កិច្ចសហប្រតិបត្តិការរបស់យើងជាមួយប្រទេសស៊ែប៊ីមានរយៈពេល ៧០ឆ្នាំ។ សព្វថ្ងៃនេះ យើងស្វែងរកជំហានជាក់ស្តែងដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី និងបង្កើតភាពជាដៃគូពិតប្រាកដនៅទូទាំងគ្រប់វិស័យ» ដោយលោកបានបន្ថែមថាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចដើម្បីជំរុញការបណ្តាក់ទុនរួមគ្នា។
ប្រទេសលីប៊ីដែលបែងចែកដោយជម្លោះស៊ីវិលចាប់តាំងពីឆ្នាំ២០១១បានឃើញបទឈប់បាញ់រវាងក្រុមភាគខាងកើត និងលោកខាងលិចកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការស្តារទំនាក់ទំនងសេដ្ឋកិច្ចបរទេសឡើងវិញ ដើម្បីទូទាត់ការពឹងផ្អែកលើប្រេងដែលមានចំនួនជាង៩០% នៃប្រាក់ចំណូលរដ្ឋ។
លោក ស្តូចាណូវីក បានសរសើរពី «វឌ្ឍនភាពឆ្ពោះទៅរកស្ថិរភាព»របស់ប្រទេសលីប៊ី ហើយបានសម្តែងសុទិដ្ឋិនិយមចំពោះការពង្រីកពាណិជ្ជកម្ម ទោះបីជាលោកមិនបានបញ្ជាក់ផ្នែកសម្រាប់កិច្ចសហការក៏ដោយ។
ទិន្នន័យរបស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសលីប៊ីនៅតែជាប់គាំងដោយការបែកបាក់ផ្នែកនយោបាយ ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ១០% នៅឆ្នាំ ២០២៣៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





