នាវាទ័ពជើងទឹកបង់ក្លាដែសទៅចូលរួមសមយុទ្ធដែនសមុទ្រនៅប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- នាវាកងទ័ពជើងទឹកបង់ក្លាដែសសាមូដ្រា ចយ (Samudra Joy) នឹងចូលរួមក្នុងសមយុទ្ធចម្រុះជាតិសាសន៍លើកទី៩ «EXERCISE AMAN-25» ចាប់ពីថ្ងៃទី៧ ខែកុម្ភៈដល់ថ្ងៃទី១១ ខែកុម្ភៈ នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។
នៅពេលដែលនាវាបានចាកចេញពីមូលដ្ឋានទ័ពជើងទឹកមួយនៅក្នុងខេត្តចាតតូហ្គាម (Chattogram) ភាគអាគ្នេយ៍របស់ប្រទេស នាវានេះត្រូវបានផ្តល់ការលាគ្នាជាផ្លូវការនៅក្នុងវត្តមានរបស់មន្ត្រីជើងទឹកជាន់ខ្ពស់ និងក្រុមគ្រួសាររបស់នាយទាហាន និងនាវិក។
កងទ័ពជើងទឹកសរុបចំនួន ២៧៤នាក់ រួមទាំងនាយទាហាន ៣៣នាក់និងមន្ត្រីសិក្ខាកាមចំនួន ៥៨នាក់នឹងចូលរួមក្នុងការត្រួតពិនិត្យកងនាវាអន្តរជាតិក្រោមការដឹកនាំរបស់លោក មេដ សាហ៍រៀ អាឡាម (Md Shahriar Alam) មេបញ្ជាការនៃនាវា Samudra Joy ។
ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នាវាកងទ័ពជើងទឹកក៏នឹងធ្វើទស្សនកិច្ចដោយសុច្ឆន្ទៈទៅកាន់ទីក្រុងកូឡុមបូ របស់ប្រទេសស្រីលង្កា និងប្រទេសម៉ាល់ឌីវផងដែរ។ កងទ័ពជើងទឹកបង់ក្លាដែសធ្លាប់បានចូលរួមសមយុទ្ធ AMAN ក្នុងឆ្នាំ២០០៧ ឆ្នាំ២០០៩ និងឆ្នាំ ២០១៣៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





