ស្លាប់៥នាក់ និងរបួស ៣១នាក់ក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់លំនៅដ្ឋាននៅខេត្តប៉ុនចាប់ ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ -- ក្រុមមន្ត្រីបាននិយាយថាមនុស្ស ៥នាក់បានស្លាប់ និង៣១នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះនៅក្នុងខេត្ដប៉ុនចាប់ ភាគខាងកើតប្រទេសប៉ាគីស្ថាន។
ប្រភពពីប៉ូលីសស្រុកបានប្រាប់សារព័ត៌មានស៊ីនហួថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១២:២៥នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងស្រុកម៉ូលតាន់ ដែលជាកន្លែងដែលមានការផ្ទុះដ៏ធំមួយបណ្តាលមកពីការលេចធ្លាយធុងហ្គាសរាវបានធ្វើឱ្យកក្រើកក្នុងស្រុកនេះ។
ការលេចធ្លាយឧស្ម័នបានបង្កឱ្យមានអគ្គីភ័យ ហើយកម្លាំងនៃការផ្ទុះបានរាយប៉ាយនូវកំទេចកំទីទៅលើតំបន់ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរស់នៅយ៉ាងច្រើន។
ប៉ូលិសបានបញ្ជាក់ថា អគ្គីភ័យនេះត្រូវបានគ្រប់គ្រងបានហើយបន្ទាប់ពីមានការខិតខំប្រឹងប្រែងបាញ់ពន្លត់ជាបន្តបន្ទាប់ ។ អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ហើយអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
មន្ត្រីកំពុងធ្វើការវាយតម្លៃលើការខូចខាតសរុបដែលបណ្តាលមកពីការផ្ទុះដែលរំខានដល់ការរស់នៅប្រចាំថ្ងៃនៅក្នុងតំបន់នោះផងដែរ។
ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការផ្ទុះឧស្ម័ននៅតែជាក្តីបារម្ភនៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែវិធានការសុវត្ថិភាពមិនគ្រប់គ្រាន់ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ ដែលជារឿយៗនាំទៅរកផលវិបាកដ៏សោកសៅ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





