កូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួមក្រៅប្រទេសនៅអេមីរ៉ាតអារ៉ាប់រួមនៅខែក្រោយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងធ្វើសមយុទ្ធរួមគ្នានៅក្នុងប្រទេសមជ្ឈិមបូព៌ាក្នុងខែកុម្ភៈដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេ។
យោងតាមក្រសួងបានឱ្យដឹងថា នៅក្រោមផែនការ សមាជិកនៃកងទ័ពកូរ៉េខាងត្បូង កងទ័ពជើងទឹក និងកងម៉ារីនបានចេញដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួមពីមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងជីនហេ មានចម្ងាយ ៣១២គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល នៅមុនថ្ងៃដើម្បីចូលរួមសមយុទ្ធរួមដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០-២០ ខែកុម្ភៈ។
ក្រសួងបាននិយាយថា សមយុទ្ធនាពេលខាងមុខដែលរៀបចំឡើងតាមការស្នើសុំរបស់ទីក្រុងអាប៊ូដាប៊ីនឹងធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលAl Hamra និងដែនទឹកចេញពីទីក្រុង អាប៊ូដាប៊ី ហើយមានការចូលរួមពីនាវាចម្បាំងកូរ៉េខាងត្បូងទម្ងន់ ៤.៩០០តោន ព្រមទាំងឧបករណ៍ចំនួន១៤គ្រឿង រួមទាំងរថក្រោះ K2 និង K9 ដែលផលិតដោយខ្លួនឯងផងដែរ។
ក្រសួងបានបន្ថែមថា នៅខាងក្រៅការហ្វឹកហ្វឺន ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្ហាញប្រព័ន្ធសព្វាវុធក្នុងស្រុករបស់ខ្លួន និងរៀបចំសកម្មភាពផ្លាស់ប្តូរយោធា ដូចជាការពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីជាន់ខ្ពស់ជាដើម។ ក្រសួងការពារជាតិរំពឹងថា សមយុទ្ធរួមគ្នានេះ ដើម្បីបង្កើនសមត្ថភាពយោធា ដើម្បីធ្វើប្រតិបត្តិការរួមគ្នា ក៏ដូចជាជំរុញការនាំចេញអាវុធផងដែរ។
កាលពីឆ្នាំមុន កងទ័ពកូរ៉េខាងត្បូងបានធ្វើសមយុទ្ធក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនដែលពាក់ព័ន្ធនឹងរថក្រោះ K2 និង K9 ក្នុងប្រទេសកាតា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយសមភាគីនៅមជ្ឈិមបូព៌ា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





