ស៊ីរីបំផ្លាញថ្នាំគ្រាប់ Captagon ចំនួន ១០០លានគ្រាប់
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានឱ្យដឹងថា អាជ្ញាធរស៊ីរីបានបំផ្លាញថ្នាំគ្រាប់កាបតាហ្គន់ (Captagon) ប្រហែល ១០០លានគ្រាប់ដែលបានរកឃើញនៅក្នុងឃ្លាំងមួយនៅជិតកំពង់ផែ Latakia ។
ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងគ្រឿងញៀននាពេលថ្មីៗនេះនាយកដ្ឋានសន្តិសុខសាធារណៈនៃរដ្ឋបាលបណ្តោះអាសន្នរបស់ប្រទេសស៊ីរីបានរកឃើញថ្នាំគ្រាប់ Captagon និង ម្សៅគ្រឿងញៀនមួយចំនួនធំដែលលាក់ទុកនៅក្នុង «ប្រដាប់ក្មេងលេង និងគ្រឿងសង្ហារឹមរបស់កុមារ»។នាយកដ្ឋាននេះជឿថា ថ្នាំគ្រាប់ត្រូវបានរៀបចំសម្រាប់នាំចេញទៅកាន់ប្រទេសអារ៉ាប់ និងលោកខាងលិចមួយចំនួន។
ថ្នាំគ្រាប់ Captagon ដែលជាឈ្មោះពាណិជ្ជសញ្ញាសម្រាប់សារធាតុរំញោចសំយោគត្រូវបានបង្កើតឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីព្យាបាលលក្ខខណ្ឌដូចជា ការផ្ចង់អារម្មណ៍ខ្លាំង និងជំងឺធ្លាក់ទឹកចិត្ត។ដោយសារតែសក្តានុពលខ្ពស់សម្រាប់ការញៀនរបស់វា ក្រោយមកវាត្រូវបានហាមឃាត់នៅក្នុងប្រទេសភាគច្រើនក្នុងកំឡុងឆ្នាំ១៩៨០។
អាជ្ញាធរស៊ីរីបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ហើយបានជំរុញពលរដ្ឋឱ្យជួយដោយការរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





