អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០នាក់ដំបូងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- ប្រទេសអ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០នាក់ពីពន្ធនាគារ Ofer ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុងរ៉ាម៉ាល់ឡាហ៍ ក្នុងតំបន់វេសប៊ែង កាលពីព្រឹកថ្ងៃចន្ទ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែល ៣នាក់បានត្រឡប់ទៅអ៊ីស្រាអែលវិញ បន្ទាប់ពីការចាប់ឃុំឃាំងរបស់ពួកហាម៉ាស់នៅតំបន់ហ្គាហ្សា។
សាក្សីដែលបានឃើញផ្ទាល់ភ្នែក និងប្រភពប៉ាឡេស្ទីនក្នុងតំបន់បាននិយាយថា ឡានក្រុងជាច្រើនបានចាកចេញពីពន្ធនាគារ Ofer នៅម៉ោង១:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) បន្ទាប់ពីបញ្ហាទាក់ទងនឹងការផ្ទៀងផ្ទាត់បញ្ជីឈ្មោះត្រូវបានដោះស្រាយ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអ្នកទោសដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ បានបញ្ជាក់ថា ដំណើរការដោះលែងបានចាប់ផ្តើមបន្ទាប់ពីកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ក្នុងបញ្ជី។ សេចក្តីថ្លែងការណ៍មួយបានលើកឡើងថា រថយន្តក្រុងពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានដឹកអ្នកទោសទាំងបុរស និងស្ត្រី ពីពន្ធនាគារOfer ទៅកាន់តំបន់គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន។
ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ រួមទាំងក្រុមគ្រួសាររបស់អ្នកទោសបានប្រមូលផ្តុំគ្នានៅជិតពន្ធនាគារដើម្បីស្វាគមន៍អ្នកទោសដែលត្រូវបានដោះលែង។ តំបន់ជុំវិញពន្ធនាគារបានឃើញភាពតានតឹងកាន់តែខ្លាំងឡើងបន្ទាប់ពីអ្នកកាសែត និងពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។
ក្នុងចំណោមអ្នកទោសទាំង ៩០នាក់ដែលត្រូវបានដោះលែង មានស្ត្រីមកពីទីក្រុងហ្សេរុយសាឡឹមខាងកើត និងអនីតិជនក្រោមអាយុ ១៨ឆ្នាំ។ ការដោះលែងអ្នកទោសនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





