បទឈប់បាញ់នៅតំបន់ហ្គាហ្សាបានចូលជាធរមាន
AKP ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ -- កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាបានចូលជាធរមានបន្ទាប់ពីការវាយប្រហារដ៏សាហាវជាង ១៥ខែមកនេះ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសពីការចាប់ផ្តើមនៃបទឈប់បាញ់នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីក្រុមហាម៉ាស់បានបញ្ចេញឈ្មោះស្ត្រីចំណាប់ខ្មាំង ៣នាក់ដំបូងដែលនឹងត្រូវដោះលែងនៅពេលក្រោយ។
កិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសកាតាអេហ្ស៊ីប និងសហរដ្ឋអាមេរិក គ្រោងនឹងចូលជាធរមាននៅម៉ោង ៨:៣០នាទីព្រឹក ប៉ុន្តែលោក នេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យយោធាបន្តការវាយប្រហារដោយប្តេជ្ញាថានឹងមិនបញ្ឈប់ការប្រយុទ្ធរហូតដល់ក្រុមហាម៉ាស់ ផ្តល់បញ្ជីចំណាប់ខ្មាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែក្រុមនេះបាននិយាយថាការពន្យារពេលនៃការផ្តល់បញ្ជីនេះគឺដោយសារតែហេតុផលបច្ចេកទេស។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារដោយកាំភ្លើងធំ និងតាមអាកាសនៅក្នុងទីតាំងជាច្រើននៅទូទាំងតំបន់ហ្គាហ្សា។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





