វៀតណាម និងអ៊ុយរូហ្គាយ ពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយរូហ្គាយ លោកស្រី ងូ មិញង្វៀត (Ngo Minh Nguyet)បាននិយាយថា ប្រទេសវៀតណាមចងចាំជានិច្ច និងអរគុណចំពោះជំនួយដ៏មានតម្លៃពីរដ្ឋាភិបាល និងប្រជាជនអ៊ុយរូហ្គាយ ក្នុងអំឡុងការតស៊ូអតីតកាលរបស់ខ្លួនដើម្បីឯករាជ្យភាព និងការបង្រួបបង្រួមជាតិ ក៏ដូចជាដំណើរការសមាហរណកម្ម និងការអភិវឌ្ឍដែលកំពុងបន្ត។
អ្នកការទូតរូបនោះបានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលជួបជាមួយអនុប្រធានាធិបតីជាប់ឆ្នោតរបស់អ៊ុយរូហ្គាយ លោកស្រី ការ៉ូលីណា កូសសេ (Carolina Cosse) ក្នុងទីក្រុង Montevideo ។
លោកស្រី ង្វៀត បានអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក យ៉ាម៉ាន់ឌូ អរស៊ី (Yamandú Orsi) និងអនុប្រធានាធិបតីជាប់ឆ្នោត លោកស្រី ការ៉ូលីណា កូសសេ មកពីសម្ព័ន្ធគណបក្ស Broad Front ជុំវិញជ័យជំនះការបោះឆ្នោតនាពេលថ្មីៗនេះរបស់ពួកគេ។ លោកស្រីបានពាំនាំនូវការរាប់អានយ៉ាងកក់ក្តៅពីអនុប្រធានរដ្ឋវៀតណាម លោកស្រី វ័រ ធិអញសួន (Vo Thi Anh Xuan)។
លោកស្រីឯកអគ្គរដ្ឋទូតក៏បានអបអរសាទរដល់ប្រទេសអ៊ុយរូហ្គាយចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់ខ្លួន ដោយកត់សម្គាល់ពីកំណើនដែលបានព្យាករណ៍នៅឆ្នាំ២០២៤ គឺ ៣,២% ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ជិត២២.៦០០ដុល្លារអាម៉េរិក និងមានស្ថិរភាពនយោបាយ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានទទួលស្គាល់ថា ពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃត្រឹមតែ ១២៥លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ នៅខ្វះសក្តានុពល។
លោកស្រី កូសសេ បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះភាពខ្លាំងនៃការនាំចេញរបស់ប្រទេសវៀតណាម ខណៈពេលដែលលោកស្រីបានបង្ហាញពីភាពខ្លាំងរបស់អ៊ុយរូហ្គាយក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មហិរញ្ញវត្ថុ។ លោកស្រីបានសន្យាថានឹងតស៊ូមតិសម្រាប់ការផ្តួចផ្តើមកិច្ចចរចាពាណិជ្ជកម្មសេរី Mercosur-Vietnam។
លោកស្រីបាននិយាយថា ប្រទេសទាំងពីរគួរតែជំរុញការផ្លាស់ប្តូរគណៈប្រតិភូនៅកម្រិតមួយ ដោយលោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ VNA)





