ករណីជំងឺអ៊ឹមផកនៅទ្វីបអាហ្រ្វិកមានលើសពី ៧៧.៨០០ករណី ខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់ ១.៣២១នាក់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលអាហ្វ្រិកសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ (Africa CDC) បានបង្ហាញឱ្យដឹងថា ចំនួនករណីជំងឺអ៊ឹមផក (mpox) ដែលបានរាយការណ៍នៅក្នុងទ្វីបអាហ្រ្វិកចាប់តាំងពីដើមឆ្នាំមុនបានកើនលើសពី ៧៧.៨០០ករណីជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងដល់ ១.៣២១នាក់។
អគ្គនាយកមជ្ឈមណ្ឌល Africa CDC ប្រចាំទ្វីបអាហ្រ្វិក លោក ជៀន កាសេយ៉ា (Jean Kaseya) បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា ទ្វីបអាហ្រ្វិកបានរាយការណ៍អំពីករណីជំងឺអ៊ឹមផកចំនួន ៧៧.៨៨៨ករណីចាប់តាំងពីដើមឆ្នាំ២០២៤ រួមទាំងករណីដែលបានបញ្ជាក់ចំនួន ១៦.៧៦៧ករណី និងអ្នកស្លាប់ចំនួន ១.៣២១នាក់។
លោក កាសេយ៉ា បាននិយាយថា ប្រទេសសៀរ៉ាឡេអូន បានក្លាយជាប្រទេសអាហ្រ្វិកចុងក្រោយគេដែលរាយការណ៍ករណីជំងឺអ៊ឹមផក ខណៈដែលប្រទេសនេះបានបញ្ជាក់ពីការផ្ទុះឡើងដំបូងរបស់ខ្លួននៅថ្ងៃទី១០ខែមករា ដែលនាំឱ្យចំនួនសរុបនៃប្រទេសដែលរងផលប៉ះពាល់មានដល់២១ប្រទេស។
ទិន្នន័យពីទីភ្នាក់ងារថែទាំសុខភាពឯកទេសរបស់សហភាពអាហ្រ្វិកបង្ហាញថា ក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ចំនួន ២១នោះ មានប្រទេសចំនួន ១៣ដែលបច្ចុប្បន្នកំពុងជួបប្រទះការចម្លងសកម្មនៃជំងឺអ៊ឹមផក។
តំបន់អាហ្រ្វិកកណ្តាលនៅតែជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតដោយការផ្ទុះជំងឺអ៊ឹមផកដែលកំពុងបន្ត ដោយបានប៉ះពាល់ដល់តំបន់ទាំង ៥នៃទ្វីបអាហ្រ្វិក ទាំងចំនួនករណី និងចំនួនអ្នកស្លាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





