ច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍របស់ប្រទេសអេហ្ស៊ីបនឹងបើកនៅថ្ងៃអាទិត្យជាមួយនឹងរថយន្តជំនួយចំនួន ៦០០គ្រឿងដែលត្រូវបានគេរំពឹងថានឹងចូលទៅក្នុងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ប្រភពសន្តិសុខអេហ្ស៊ីបបានប្រាប់សារព័ត៌មានស៊ីនហួថា ច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍ ដែលជាច្រកតែមួយគត់ដែលតភ្ជាប់តំបន់ហ្គាហ្សាស្ទ្រីបជាមួយប្រទេសអេហ្ស៊ីប នឹងត្រូវបើកឡើងវិញនៅថ្ងៃអាទិត្យ។
យោងតាមកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ចំណាប់ខ្មាំង បានឱ្យដឹងថា រថយន្តជំនួយប្រហែល ៦០០គ្រឿងត្រូវបានគេរំពឹងថានឹងចូលទៅក្នុងតំបន់ហ្គាហ្សាតាមរយៈការឆ្លងកាត់នៅថ្ងៃអាទិត្យ។ បទឈប់បាញ់ដែលរង់ចាំជាយូរមកហើយរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃអាទិត្យវេលាម៉ោង ៨:៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ។
ប្រភពបាននិយាយថា គ្រឿងចក្របាននឹងកំពុងធ្វើការនៅជិតតំបន់ឆ្លងកាត់ដើម្បីស្តារផ្លូវឡើងវិញដែលនាំទៅដល់តំបន់ហ្គាហ្សា។ ប្រភពមួយផ្សេងទៀតពីក្រុមអឌ្ឍចន្ទក្រហមអេហ្ស៊ីបនៅតំបន់ North Sinai បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីនហួថា រថយន្តជំនួយប្រហែល ៦០០គ្រឿងដែលដឹកជំនួយវេជ្ជសាស្រ្ត តង់ និងសម្ភារៈមន្ទីរពេទ្យ រួមជាមួយនឹងរថយន្តដឹកទំនិញចំនួន ៥០គ្រឿងផ្សេងទៀតដែលផ្ទុកប្រេងឥន្ធនៈត្រូវបានគេរំពឹងថានឹងចូលទៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីការត្រួតពិនិត្យដោយភាគីអ៊ីស្រាអែល។
ប្រភពពីអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានបន្ថែមថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រជាជនអេហ្ស៊ីប លោក ខាលេដ អាប់ដេល ហ្គាហ្វារ (Khaled Abdel-Ghaffar) បច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅច្រកផ្លូវឆ្លងកាត់ ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈសម្រាប់ការទទួលជនជាតិប៉ាឡេស្ទីនដែលរងរបួសពីតំបន់ហ្គាហ្សាស្ទ្រីប។
លោក អាហ៍ម៉ាដ សាមៀ (Ahmad Samir) មន្ត្រីសុខាភិបាលតំបន់North Sinai បានប្រាប់សារព័ត៌មានស៊ីនហួថា មន្ទីរពេទ្យនៅទីក្រុងអារីសតំបន់សីខ ហ្សូវេដ (Sheik Zuweid) និងទីក្រុងរ៉ាហ្វាហ៍ ត្រូវបានរៀបចំយ៉ាងពេញលេញដើម្បីទទួលអ្នករបួស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





