លោក ស៊ី អបអរសាទរលោក មីឡាណូវីក ក្នុងការបោះឆ្នោតឡើងវិញជាប្រធានាធិបតីក្រូអាត
AKP ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានផ្ញើសារអបអរសាទរដល់ លោក ហ្សូរ៉ាន់ មីឡាណូវីក (Zoran Milanovic) ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីក្រូអាតឡើងវិញ។
នៅក្នុងសារនោះ លោក ស៊ី បាននិយាយថា ប្រទេសចិន និងក្រូអាតមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជ្រាលជ្រៅ ហើយប្រទេសទាំងពីរគឺជាមិត្តល្អ និងជាដៃគូដ៏ល្អនៃការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
លោកបាននិយាយថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានអនុវត្តន៍កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដោយបើកចំហ ទទួលបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី។
លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ក្រូអាត ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោក មីឡាណូវីក ដើម្បីជំរុញប្រទេសទាំងពីរឱ្យឈានទៅមុខលើវិស័យទំនើបកម្ម ហើយមានទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការដ៏ទូលំទូលាយចិន-ក្រូអាត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





