សាធារណរដ្ឋអាហ្វ្រិកកណ្តាលចាប់អារម្មណ៍លើការវិនិយោគពីរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) លោក ហ្វូស្ទីន អាឆេង ទូអាដេរ៉ា (Faustin-Archange Touadera) បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ថា សាធារណរដ្ឋអាហ្វ្រិក កណ្តាលចាប់អារម្មណ៍លើការវិនិយោគពីប្រទេសរុស្ស៊ី ក្នុងវិស័យកសិកម្ម និងការជីកយកធនធានរ៉ែ ហើយក៏ត្រូវការការដឹកជញ្ជូនគ្រឿងចក្រពិសេសពីប្រទេសរុស្ស៊ីផងដែរ។
លោក ទូអាដេរ៉ា បាននិយាយថា «ទាក់ទងនឹងវិស័យសេដ្ឋកិច្ច យើងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល រ៉ែ និងភូគព្ភសាស្ត្រ។ ទាក់ទងនឹងវិស័យកសិកម្ម សាធារណរដ្ឋអាហ្វ្រិកកណ្តាលមានសក្តានុពលដ៏ធំ យើងមានដីធំជាង ១៥លានហិកតា។ យើងត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍវិស័យនេះ ប៉ុន្តែយើងខ្វះអ្នកជំនាញ និងឧបករណ៍ដែលត្រូវការ»។
លោកបានបន្ថែមថា «យើងចង់ឱ្យអ្នកវិនិយោគមកពីប្រទេសរុស្ស៊ីមកបណ្តាក់ទុនបន្ថែមទៀតនៅក្នុងគម្រោងទាក់ទងនឹងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ ដើម្បីជួយសម្រួលដល់ការធ្វើពិពិធកម្មនៃការនាំចេញកប្បាស និងសណ្តែកដី។ យើងជឿថា ប្រទេសរុស្ស៊ីអាចផ្គត់ផ្គង់គ្រឿងចក្រ និងឧបករណ៍ និងផ្តល់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍកសិកម្ម ដូច្នេះយើងអាចដាំដើមកប្បាស និងផលិតស្ករ។ ចំពោះគ្រឿងម៉ាស៊ីនពិសេសសម្រាប់ការអភិវឌ្ឍកសិកម្ម យើងក៏ចាប់អារម្មណ៍ចំពោះវាផងដែរ»៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





