លោក ចយ សាងម៉ុក៖ កូរ៉េខាងត្បូងស្វែងរកការសន្ទនាជាមួយកូរ៉េខាងជើង ប៉ុន្តែនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រសិនបើចាំបាច់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូងស្តីទី លោក ចយ សាងម៉ុក (Choi Sang-mok) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនៅតែបើកចំហសម្រាប់ការសន្ទនាជាមួយប្រទេសកូរ៉េខាងជើង ប៉ុន្តែនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុណាមួយពីទីក្រុងព្យុងយ៉ាង ដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
លោក ចយ បានធ្វើការកត់សម្គាល់ក្នុងកិច្ចប្រជុំទិសដៅគោលនយោបាយឆ្នាំ២០២៥ ស្តីពីបញ្ហាការទូត និងសន្តិសុខ។ កិច្ចប្រជុំនេះមានមន្ត្រីសំខាន់ៗមកពីការិយាល័យសន្តិសុខជាតិ ក៏ដូចជាក្រសួងការបរទេស ក្រសួងបង្រួបបង្រួម ក្រសួងការពារជាតិ និងក្រសួងអតីតយុទ្ធជន។
ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះនូវអ្វីដែលខ្លួនអះអាងថាជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមលឿនជាងសំឡេងកាលពីថ្ងៃទី៦ ខែមករា អមដោយការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃអង្គារ។
លោក ចយ បាននិយាយថា «យើងនឹងគ្រប់គ្រងយ៉ាងសកម្មនូវភាពតានតឹង ជាពិសេសនៅតំបន់ព្រំដែន ដើម្បីទប់ស្កាត់ការកើនឡើង ក្នុងពេលដែលរក្សាជំហរបើកចំហចំពោះកិច្ចសន្ទនាអន្តរកូរ៉េ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះកាលៈទេសៈដែលផ្លាស់ប្តូរ»។
ជាមួយគ្នានេះ ប្រធានាធិបតីស្តីទីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុរបស់ប្រទេសកូរ៉េខាងជើង ដោយផ្អែកលើជំហរការពារដ៏រឹងមាំជាមួយ សម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។
លោកបានមានប្រសាសន៍ថា «ខ្ញុំស្នើឱ្យរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី និងមន្ត្រីសាធារណៈទាំងអស់ យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានពេញលេញ ដើម្បីធានាកុំឱ្យមានចន្លោះប្រហោងផ្នែកការទូត និងសន្តិសុខ ចំពេលស្ថានការណ៍ក្នុងស្រុក និងអន្តរជាតិដ៏ធ្ងន់ធ្ងរ ហើយត្រូវបន្តធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីការគ្រប់គ្រងស្ថិរភាពនៃកិច្ចការរដ្ឋ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





