ចិនរំពឹងថានឹងសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហភាពអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គូវ ចៀគុន (Guo Jiakun) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយសហភាពអឺរ៉ុប (EU) ដើម្បីសម្រេចបាននូវវឌ្ឍនភាពកាន់តែច្រើនក្នុងទំនាក់ទំនងទ្វេភាគី និងរួមចំណែកកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។
លោក ហ្គូវ បានធ្វើការកត់សម្គាល់នៅពេលបានសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ លោកបាននិយាយថា ការសន្ទនាតាមទូរស័ព្ទត្រូវបានធ្វើឡើងតាមសំណើរបស់សហភាពអឺរ៉ុប។
លោក ហ្គូវ បាននិយាយថា ប្រទេសចិន និងសហភាពអឺរ៉ុប គឺជាកម្លាំងសំខាន់ពីរក្នុងការកសាងពិភពលោកពហុប៉ូល ជាទីផ្សារធំពីរដែលគាំទ្រសកលភាវូបនីយកម្ម អរិយធម៌ដ៏អស្ចារ្យពីរដែលគាំទ្រភាពចម្រុះ និងទំនាក់ទំនងចិន-សហភាពអឺរ៉ុប មានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងឥទ្ធិពលសកល។
លោក ហ្គូវ បាននិយាយថា ការសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរនៅដើមឆ្នាំគឺជាអន្តរកម្មដំបូងបំផុតរវាងមេដឹកនាំកំពូលរបស់ប្រទេសចិន និងថ្នាក់ដឹកនាំសហភាពអឺរ៉ុបថ្មី ហើយនេះគឺជាការទំនាក់ទំនងជាយុទ្ធសាស្រ្តដ៏សំខាន់មួយ។
លោកបាននិយាយថា «ការសន្ទនាតាមទូរស័ព្ទនេះបានកំណត់ទិសដៅឆ្ពោះទៅមុខ និងកំណត់អាទិភាពសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំខាងមុខ» លោកបានបន្ថែមថា ប្រទេសចិនទន្ទឹងរង់ចាំធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីអនុវត្តន៍ការយោគយល់គ្នាសំខាន់ៗរវាងមេដឹកនាំទាំងពីរ បង្កើនការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ លើកកំពស់ភាពជាដៃគូ ស្វែងរកផលប្រយោជន៍ទៅវិញទៅមក ពង្រីកការបើកចំហ និងកិច្ចសហប្រតិបត្តិការ ការពារពហុភាគីនិយម លើកកម្ពស់ការគោរពគ្នាទៅវិញទៅមក បង្កើនការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅកម្រិតផ្សេងៗ និងក្នុងវិស័យផ្សេងៗ និងដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





