ជនជាតិប៉ាឡេស្ទីន ៦នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់វេស ប៊ែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រកាសថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៦នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលសំដៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់វេស ប៊ែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា សាកសពចំនួន ៦នាក់ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាល Jenin បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំជនភៀសខ្លួន ។ អត្តសញ្ញាណអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក អាវីចាយ អាដ្រេ (Avichay Adraee) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅក្នុងប្រតិបត្តិការរួមគ្នាមួយដោយកងកម្លាំងការពារអ៊ីស្រាអែល និងកងកម្លាំង Shin Bet យន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសនាពេលថ្មីៗនេះបានកំណត់គោលដៅទីតាំងមួយនៅក្នុងជំរុំជនភៀសខ្លួន Jenin » ដោយលោកមិន ផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រភពប៉ាឡេស្ទីនក្នុងស្រុកបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារសង្កាត់មួយក្នុងចំណោមសង្កាត់នៃជំរុំជនភៀសខ្លួនដោយមីស៊ីលចំនួន ៣គ្រាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





