ចិន និងអង្គការយូនីសេហ្វ ពង្រឹងកិច្ចសហប្រតិបត្តិការលើកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រទេសឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ី លោក វ៉ាង លូតុង (Wang Lutong) បានជួបជាមួយ លោកស្រី ម៉ានីហ្សា ហ្សាម៉ាន់ (Maniza Zaman) តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចិន-យូនីសេហ្វ លើកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រទេសឥណ្ឌូនេស៊ី។
លោក វ៉ាង បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០២៤ រវាងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិចិន និងអង្គការយូនីសេហ្វក្នុងប្រទេសចិន ស្តីពីការផ្តល់អាហារបំប៉ន និងការផ្តល់អាហារដល់សាលារៀននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ លោកបាននិយាយថា នេះគឺជាគម្រោងជំនួយជាសាច់ប្រាក់ដំបូងគេដែលអនុវត្តន៍រួមគ្នាដោយប្រទេសចិន និងអង្គការយូនីសេហ្វក្នុងប្រទេសឥណ្ឌូនេស៊ី ដែលពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំទ្រកម្មវិធីអាហារឥតគិតថ្លៃរបស់ប្រទេសឥណ្ឌូនេស៊ី។
លោកបាននិយាយថា «កិច្ចព្រមព្រៀង គឺជាធាតុសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ឥណ្ឌូនេស៊ី ដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី នៃអនាគតរួមគ្នា»។
លោក វ៉ាង ក៏បានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសចិន ចំពោះអង្គការសហប្រជាជាតិ ហើយបានកត់សម្គាល់ថា ស្ថានទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ីនឹងសហការជាមួយអង្គការយូនីសេហ្វក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីធានាការអនុវត្តកម្មវិធីប្រកបដោយជោគជ័យ។
លោកស្រី ម៉ានីហ្សា បានសម្តែងការដឹងគុណចំពោះការគាំទ្ររបស់ប្រទេសចិន ហើយទន្ទឹងរង់ចាំក្នុងការពង្រឹងទំនាក់ទំនង និងស្វែងរកឱកាសសហប្រតិបត្តិការបន្ថែមទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





