អ្នកការទូតកំពូលចិនជួបជាមួយគណៈប្រតិភូមកពីសម្ព័ន្ធរដ្ឋាភិបាលជប៉ុន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- លោក វ៉ាង យី (Wang Yi) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានជួបជាមួយ គណៈប្រតិភូមកពីសម្ព័ន្ធរដ្ឋាភិបាលជប៉ុន នៅទីក្រុងប៉េកាំង។ គណៈប្រតិភូដឹកនាំដោយអគ្គលេខាធិការ លោក ហ៊ីរ៉ូស៊ី ម៉ូរីយ៉ាម៉ា (Hiroshi Moriyama) មកពីគណបក្សប្រជាធិបតេយ្យសេរី និងអគ្គលេខាធិការ លោក ម៉ាកូតូ នីស៊ីដា (Makoto Nishida) មកពីគណបក្ស Komeito ។
លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បាននិយាយថា នាពេលនេះ ទំនាក់ទំនងចិន-ជប៉ុន ប្រឈមមុខនឹងកាលានុវត្តភាពសំខាន់ៗសម្រាប់ការកែលម្អ និងអភិវឌ្ឍន៍។ លោក វ៉ាង បាននិយាយថា គេសង្ឃឹមថាភាគីទាំងពីរនឹងប្រើប្រាស់បានល្អនូវវេទិកានៃយន្តការផ្លាស់ប្តូររវាងបក្សកាន់អំណាច និងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន។
ភាគីជប៉ុនបានសម្តែងនូវឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តន៍ការឯកភាពគ្នាដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន ពង្រឹងកិច្ចសន្ទនារវាងបក្សកាន់អំណាច និងជំរុញឱ្យមានលទ្ធផលជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





